Monday, November 2, 2015

ស្ត្រី​ម្នាក់​ ត្រូវជាប់ចោទពីបទជួញដូរ​មនុស្ស

​សៀមរាប​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើការ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ស្ត្រី​ជា​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​ទៅនឹង​ការនាំ​ក្មេងស្រី​ទៅ​ដេក​ជាមួយ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ខេត្ត​សៀមរាប ។​
​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក កើត សុ​វណ្ណា​រ៉េត ព្រះរាជ​អជ្ញារ​ង អម​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ជា ហេង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រួមទាំង​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​ទៀត ។ លោក​វរសេនីយ៍ត្រី ជា ហេង បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ ចេ​ន ម៉ី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង ១៤:៥០​នាទី ដោយ​យោង​ទៅ​តាម​ពាក្យ​ប្ដឹង​របស់​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​សមត្ថិ​បាន​នាំ​ស្ត្រី​ដែល​មានឈ្មោះ​ដូច​ខាងលើ​មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើ​ការសាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ថា​រួប​គេ​ពិតជា​បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​ពិតប្រាកដ​មែន ។​ស្ដ្រី​ជនសង្ស័យ​បាន​បន្តថា ក្មេងស្រី​រងគ្រោះ​ដេក​ជាមួយ​ភ្ញៀវ​ម្តង​ក្នុង​តម្លៃ​ចាប់ពី ១០០​ដុល្លារ ២០០​ដុល្លារ និង​៣០០​ដុល្លារ ដោយ​រូបគេ​គិត​ជា​ភាគរយ​ទៅ​តាម​តម្លៃ​នីមួយៗ​ចាប់ពី ១០​ដុល្លារ ដល់​១០០​ដ​ល្លារ ។​
​លោក​វរសេនីយ៍ត្រី ជា ហេង បាន​បន្ត​ឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​របស់លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ៕