Monday, November 2, 2015

បញ្ជូន​ពូ​ចិត្ត​អប្រិយ​ទៅ​តុលាការ ពាក់ព័ន្ធនឹងរឿងកាប់សម្លាប់​ក្មួយប្រុស​ខ្លួនឯង​

កណ្តាល ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាប់សម្លាប់​ក្មួយ​ប្រុស​បង្កើត​ដោយ​កាំបិត​ផ្គាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ពញាឮ​ចាប់ខ្លួន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១:៣០​នាទី ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្លុក​ត្របែក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ។​
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ប៉ិច ព​ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ភូមិ​ថ្លុក​ត្របែក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​។ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ប៉ុន ពេជ្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។ ជនរងគ្រោះ​ត្រូវ​ជនដៃដល់​ជា​ឪពុកមា​កាប់​ត្រូវ​ចំនួន​៣​កាំបិតផ្គាក់ បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ។​
​អធិការនគរបាល​ស្រុក​ពញាឮ លោក​វរសេនីយ៍ទោ ដួង តេង បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាសែត​នគរបាលជាតិ នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនដៃដល់​បាន​នៅ​អង្គុយ​ហូបបាយ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន គ្រា​នោះ​ជនរងគ្រោះ​ជា​ក្មួយ​ប្រុស​បាន​ដើរ​ស្រែកច្រៀង​នៅក្បែរ​ជនដៃដល់ ។ ពេល​នោះ​ជនដៃដល់​បាន​ស្រែកសួរ​ទៅ​ជនរងគ្រោះ​ថា “​ហ្អែ​ង​ស្រែក​ច្រៀង និង​មានន័យថា​ម៉េច ហើយ​ហ្អែ​ង​ចង់​ម៉េច ?” ។ ឮ​ដូច្នេះ​ជនរងគ្រោះ​បាន​ឆ្លើយតប​វិញ​ថា “​អត់​ចង់​ម៉េច​ទេ ពូ​ឯង​ហូបបាយ​ដឹង​តែ​ហូប​ទៅ ខ្ញុំ​ច្រៀង​តែ​ខ្ញុំ​ទេ​”​។ បន្ទាប់​មក​ជនដៃដល់​ក៏​បាន​ស្ទុះ​ចូល​ទៅ​វាយ​ជនរងគ្រោះ​៣​ទៅ​៤​ដៃ បណ្តាលឲ្យ​ដេក​ដួលសន្លប់​ទៅលើ​ដី រួច​ក៏​ឡើង​ទៅ​ហូប​បាយ​បន្ត​នៅ​លើក្រែ​ក្បែ​រ​ជនរងគ្រោះ​ដេកសន្លប់​។​
​លោក​វរសេនីយ៍ទោ ដួង តេង បន្តថា មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ក៏​បាន​ក្រោក​ពីលើ​ដី​សួរ​ទៅ​ជនសង្ស័យ​ជា​ឪពុកមា​ថា “​ខ្ញុំ​ធ្វើ​អី​ខុស​បានជា​ពូ​ឯង​វាយ​ខ្ញុំ​”​។ ពេល​នោះ​ជនសង្ស័យ​មិន​បាន​និយាយ​អ្វី​ទេ ពោល​គឺ​បាន​ស្ទុះ​ចូល​ទៅ​រក​វាយ​ជនរងគ្រោះ​បន្ត​ទៀត ខណៈ​នោះ​ជនរងគ្រោះ​បាន​រត់​ទៅឲ្យ​ជីតា​ឈ្មោះ ប៉ាត់ ប៉ុន ជួយ​គ្រា​ដែល​ជីតា​កំពុង​បិត​ឬ​ស្សី​ធ្វើ​ឈ្នាង​លក់​។​
​លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយមក​ជន​ដៃដល់​បាន​ឆក់​យក​កាំបិតផ្គាក់​នៅក្បែរនោះ​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​ចំនួន​៣​កាំបិត ត្រូវ​ចំ​ដៃ និង​ខ្នង​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែងកើតហេតុ​តែ​ម្តង ៕