Monday, November 2, 2015

សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង ដើម្បីស្វែងរក​ជនសង្ស័យ បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រ​

ភ្នំពេញ ៖ នាយ​នគរបាល​ជាន់ខ្ពស់ បាន​ថ្លែងថា សមត្ថកិច្ច​កំពុងតែ​សកម្ម ក្នុង​ការប្រមូល​រូបភាព និង​ឯកសារ​នានា ដែល​អាច​ជា​ភស្តុតាង ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដែល​បាន​បង្ក​របួសស្នាម ដល់​អ្នកតំណាងរាស្ត្រ ពីររូប កាលពី​ពេល​ថ្មីៗ​នេះ ។​
​អគ្គស្នងការ​រង​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​មានប្រសាសន៍​ថា នៅពេលនេះ សមត្ថកិច្ច​បាន​បំពេញ​នីតិវិធី​រួច​ហើយ ជាមួយ​តុលាការ ដើម្បី​បើក​ការស៊ើបអង្កេត និង​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​រួចរាល់​ហើយ ។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏​បាន​ទទួល​នូវ រូបភាព ក៏​ដូច​ជា​ឯកសារ​នានា​មួយចំនួន​ផង​ដែរ នឹង​អាច​ឈាន​ដល់​ការកំណត់ អត្តសញ្ញាណ​ជនសង្ស័យ ។​
​ឯកឧត្តម ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​បន្តថា ដំណើរការ​សាកសួរ​សាក្សី ដូចជា​អ្នកបើកបរ និង​អ្នក​នៅ​ជិត និង​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់ ក៏​កំពុងតែបន្ត​នីតិវិធី ។​
​ឯកឧត្តម ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​ថ្លែង​ទៀតថា ទោះជា​យ៉ាងណា​ក៏ដោយ សមត្ថកិច្ច សូម​អំពាវនាវ​ថែម​ទៀត ដល់​សាធារណជន ឲ្យចូល​រួមជាមួយ​សមត្ថកិច្ច ដូចជា​ការផ្តល់​រូបភាព និង​ឯកសារ​ផ្សេងៗ ដែល​អាច​ជួយ​ដល់​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​។​
​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​រូបភាព របស់​សាធារណជន នៅ​ក្នុង​បណ្តាញ​សង្គម និង​សារព័ត៌មាន​ជាច្រើន​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បានបញ្ជាក់​ថា ក្នុង​រយៈពេល​កន្លងមក​នេះ គណៈកម្មការ​ស្រាវជ្រាវ​ជនសង្ស័យ ដែល​បង្ក​របួស​ស្នាម​លើ​តំណាងរាស្ត្រ ដែល​បង្កើតឡើង​ដោយ​ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញ​ថា បញ្ហា​នេះ​បាន​ធ្វើឲ្យ​ចំណេញ​ដល់ជ​សង្ស័យ​រត់គេច​ខ្លួន ហើយ​ធ្វើឲ្យ​សមត្ថកិច្ច​មាន​ការលំបាក ក្នុងការ​នីតិវិធី ដើម្បី​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ ដោយសារតែ​មាន​ការពិបាក ក្នុងការ​ប្រមូលយក រូបភាព និង​ឯកសារ​ផ្សេងៗ តាមរយៈ​បណ្តាញ​សង្គម ក៏ដូចជា​សារព័ត៌មាន​មួយចំនួន ដែល​មិន​ផ្លូវការ ស្រប​តាម​នីតិវិធី​ច្បាប់ ។ ហេតុដូច្នេះ​ហើយ បានជា​សមត្ថកិច្ច​សូម​អំពាវនាវ ដល់​សាធារណជន​ជាថ្មីទៀត ត្រូវ​ផ្តល់​រូបភាព ឬ​ឯកសារ​ផ្សេងៗ​ដោយផ្ទាល់​តែម្តង មក​កាន់​សមត្ថកិច្ច ដែល​អាច​ជួយ​ដល់​ក្នុង​ការស៊ើបអង្កេត នឹង​ឈាន​ដល់​ការកំណត់​មុខសញ្ញា និង​ការចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។​
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ​មួយ ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ​ដែល​បង្ក​របួសស្នាម លើ​អ្នក​តំណាងរាស្ត្រ ។​
​គណៈកម្មការ​ស្រាវជ្រាវ​ដែល​បាន​បង្កើត​នោះ គឺ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​មាន​នាយ​នគរបាល​ជាន់ខ្ពស់​មួយ​ចំនួន ជា​សមាជិក ។​
​ការបង្កើត​គណៈកម្មកា​រ​នេះ​ឡើង គឺ​បន្ទាប់​ពី​ព្រឹត្តការណ៍កា​លពី​ថ្ងៃទី​២៦ ខែតុលា មាន​ជន​មួយក្រុម​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើ​អំពើហិង្សា លើ​អ្នក​តំណាងរាស្ត្រ​ពីររូប បណ្តាលឲ្យ​មាន​របួស ។​
​ភ្លាមៗ​នោះដែរ ពេល​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​អំពើ​បង្កឡើង ដោយ​ជន​មួយ​ក្រុម​តូច​ព្រួត​គ្នា វាយតប់​ទៅលើ​អ្នកតំណាងរាស្ត្រ ពីររូប របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អំពើ​បង្ក​របួសស្នាម​នេះ​។​
​តាមរយៈ​សេចក្តីថ្លែងការណ៍ របស់​រាជរដ្ឋាភិបាល​នេះ គឺ​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​តាម​ចាប់​ជនដៃដល់ មក​ផ្តន្ទាទោស​តាមច្បាប់ និង​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​ស្ថប័ន​ពាក់ព័ន្ធ ដែល​បាន​ដឹង បានឃើញ ឬ​មាន​ភស្តុតាង​ពាក់ព័ន្ធ ករណី​បង្ក​របួសស្នាម​ខាងលើនេះ សូម​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ ដើម្បី​ជំរុញ​ការស៊ើបអង្កេត​ស្រាវជ្រាវ រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឲ្យបាន​ឆាប់ ៕