រតនគិរី ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបានលុង និងស្រុកវើនសៃ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ស្ថិតក្នុងភូមិ-ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១១:១០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ស៊ីវី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវទីលំនៅភូមិប៉ាគៀប ស្រុកមឿងខូង ខេត្តចំប៉ាសាក់ និងដកហូតបានថ្នាំញៀនម៉ាទឹកកក ១កញ្ចប់ ទម្ងន់ ១គីឡូក្រាម ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងពេលធ្វើការបង្ក្រាបមុខសញ្ញាម្នាក់ ដែលនៅរង់ចាំឯក្រុងបានលុងនេះ ជាថៅកែបានរត់គេចខ្លួន ដោយរថយន្តតាកូម៉ា ១គ្រឿង ។ កម្លាំងនគរបាលបានដេញតាម ហើយជនសង្ស័យបានចតរថយន្តចោលក្នុងព្រៃចេក ស្ថិតក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបកែវ ខេត្តរតនគិរី ហើយគេចខ្លួនចូលព្រៃបាត់ ។
តំណាងព្រះរាជ្ញា រួមជាមួយកម្លាំងនគរបាល បានត្រួតពិនិត្យរថយន្ត នោះរួចអូសយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ៕