ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនខណ្ឌ នៅក្នុងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះឆែកឆេរ ទីតាំងលាក់ខ្លួន របស់ក្រុមចោរប្លន់ប្រដាប់អាវុធនៅពេលរាត្រី មួយកន្លែង ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លុវលំ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ប្រតិបត្តិការចុះឆែកឆេរខាងលើនេះដែរ ធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
មន្ត្រីនគរបាល បានឲ្យដឹងថា មុនឈានដល់ការចុះឆែកឆេរទីតាំងខាងលើ គឺដំបូងឡើយនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ កាលពីវេលាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្ត្រទឹកដីរបស់ខ្លួន។ ក្រោយការឃាត់ខ្លួនហើយនោះ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននៅមានបក្ខពួកជាមុខសញ្ញាប្លន់ប្រដាប់អាវុធជាច្រើននាក់ទៀត ដែលលាក់ខ្លួននៅទីតាំងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានចម្លើយឆ្លើយសារភាពពីជនសង្ស័យហើយនោះ ទើបនៅវេលាព្រឹកថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចចម្រុះជាច្រើនខណ្ឌក្នុងរាជធានី បានបើកប្រតិបត្តិការសហការគ្នាដាក់ពង្រាយកម្លាំងចុះឡោមព័ទ្ធ និងធ្វើការឆែកឆេរតែម្តង។
សូមបញ្ជាក់ថា ក្នុងការចុះឆែរកឆេរទីតាំងខាងលើនេះដែរ ក្រុមបក្ខពួករបស់ជនសង្ស័យបានរត់គេចខ្លួនអស់ទៅហើយ មុនពេលដែលសមត្ថកិច្ចចុះទៅដល់។ ប៉ុន្តែក្នុងនោះដែរ សមត្ថកិច្ចបានរកឃើញ ម៉ូតូចំនួន ២គ្រឿង មួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាក គុបមូល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AV-7016 និងរ៉ឺម៉ក់ម៉ូតូមួយគ្រឿងផងដែរ។ ក្រោយឆែកឆេររកឃើញហើយនោះ ម៉ូតូទាំង៣គ្រឿង និងវត្ថុងតាងមួយចំនួន ត្រូវបានសមត្ថកិច្ចធ្វើការដកហូតបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើជាភស្តុតាងដាក់បន្ទុកបន្ថែម ក្នុងការកសាងសំណុំរឿង តាមនីតិវីធី បញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕