Monday, November 2, 2015

សមត្ថកិច្ចចុះ​ត្រួតពិនិត្យ​រថយន្ត​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម និង​ន​.​ប

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ កងកម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត ចំនួន ១០​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចំនួន ១០​នាក់ បាន​ចុះ​ប្រតិបត្តិ​ការត្រួតពិនិត្យ​លើ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ន​.​ប និង​ខ​.​ម នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងលិច​ស្ពាន​ទឹកថ្លា ប្រមាណ ១,២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។
នៅ​ក្នុង​ការចុះ​ប្រតិបត្តិការ​នេះដែរ ក៏​មាន​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ពិនិត្យ​មើល​ពី​សកម្មភាព នៃ​កិច្ច​ប្រតិបត្តិការ​របស់​កងកម្លាំង​ទាំង​២​នេះ​ផង​ដែរ ។​
​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថា អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ ក៏ដូចជា​ក្រសួង​មហាផ្ទៃ ខាង​កងកម្លាំង​នគរបាល គឺ​ដើម្បី​ចុះ​ត្រួតពិនិត្យ​លើ​រថយន្ត​ដែល​បំពាក់​ស្លាក​លេខ ន​.​ប ជា​រថយន្ត​មាន​ស្លាក​លេខ​ពិតប្រាកដ ឬ​យ៉ាងណា មាន​ឯកសារ និង​លិខិត​បទដ្ឋាន​ត្រឹមត្រូវ​ឬ​អត់ ។​
​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​មាន​ប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ដូច​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ថ្ងៃនេះ កងកម្លាំង​កង​រាជ​អាវុធ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នា​ថ្ងៃនេះ គឺ​ដើម្បី​ត្រួតពិនិត្យ​លើ​មធ្យោបាយ​យានយន្ត​ដែល​ពំពាក់​នូវ​ស្លាក​លេខ ខ​.​ម ដែល​គ្មាន​លិត និង​បទដ្ឋាន​ត្រឹមត្រូវ​នោះ​ផងដែរ​។​
​ក្នុង​កិច្ច​ប្រិបត្តិការ​នេះ​ដែរ កងកម្លាំង​នគរបាល និង​កងកម្លាំង​កងរាជអាវុធហត្ថ ចំពោះ​លទ្ធផល​ធ្វើការ​ត្រួតពិនិត្យ​នោះ គឺ​ត្រួតពិនិត្យ​លើ​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បាន​ចំនួន ២​គ្រឿង​, ស្លាក​សញ្ញា​កងរាជអាវុធហត្ថ​ចំនួន ៧​គ្រឿង​, ស្លាក​សញ្ញា​កងទ័ពជើងគោក​ចំនួន ២​គ្រឿង​,​ស្លាក​សញ្ញា​អគ្គស្នងការ​នគរបាល​ជាតិ ១ គ្រឿង​, ស្លាក​សញ្ញា​ក្រសួងមហាផ្ទៃ ២​គ្រឿង​, បក​ស្កុត​ខ្មៅ​ចេញពី​រថយន្ត ២៣​គ្រឿង និង​រថយន្ត​ផ្ទុកទំនិញ​សំពីងសំពោង​ដាក់​លើ​គូថ​រថយន្ត​ឲ្យ​រើ​ចុះ​ចំនួន ៥​គ្រឿង​ផង​ដែរ ៕