Monday, November 2, 2015

ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី​ជប៉ុន ​ពិភាក្សា​ទ្វេភាគី​ជា​ផ្លូវការ​លើកដំបូង​

SEOUL: កាលពី​ថ្ងៃ​ចន្ទ​ទី​២ ខែវិច្ឆិកា ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye និង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ធ្វើ​ការពិភាក្សា​ទ្វេភាគី​ជា​លើកដំបូង​របស់​ខ្លួន តាំង​ពី​មេដឹកនាំ​ទាំង​ពីរ​ឡើង​កាន់​អំណាច ដើម្បី​ស្វែងរក​ភាព​រីកចំរើន ក្រោយ​ពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​ដ៏​ជូរ​ចត់ ដែល​បាន​កាត់ផ្ដាច់​នូវ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ ក្នុង​តំបន់​អាស៊ី​របស់​ទីក្រុង​វ៉ា​ស៊ីន​តាន ។
​កិច្ចពិភាក្សា​នេះ គឺជា​ការ​ទំលាយ​ភាពទាល់ច្រក​ផ្នែក​កា​ទូត​មួយ របស់លោក Abe ដែល​បាន​ស្វែងរក​កិច្ចចរចា​ជាមួយ​លោកស្រី Park ខណៈពេល​មាន​ការជំរុញ​មួយ​ដោយ​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ឲ្យ​បង្កើន​នូវ​ទំនាក់ទំនង ដើម្បី​ប្រឈមមុខ​ចំពោះ​ប្រទេស​ចិន ដែល​មាន​ការទាមទារ​យ៉ាង​ខ្លាំងក្លា ។ លោក Abe បាន​ចូល​កាន់ដំណែង​នៅ​ចុងឆ្នាំ​២០១២ ហើយ​លោក​ស្រី Park បាន​ឡើង​កាន់ដំណែង​កាលពី​ឆ្នាំ​២០១៣ ។
​ក្រុមមន្ត្រី​បាន​និយាយថា មិន​មាន​គម្រោង​ណាមួយ​របស់​មេដឹកនាំ​ទាំងពីរ ធ្វើ​សន្និសីទកាសែត​រួម​គ្នា​ឡើយ ក្រោយ​ពី​កិច្ចពិភាក្សា​នេះ ដែល​បាន​ចាប់ផ្ដើម​កាលពី​ម៉ោង​១០​ព្រឹក នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ។ ប្រទេសជិតខាង​នឹង​គ្នា​ក្នុង​តំបន់​អាស៊ី​ទាំងពីរ បាន​តស៊ូ​ស្វែងរក​នូវ​ដំណោះស្រាយ​រួមគ្នា​មួយ ចំពោះ​ការដាក់​អាណានិគម​របស់​ប្រទេស​ជប៉ុន​ក្នុង​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ​១៩១០-១៩៩៤៥ ជាពិសេស​វិបត្តិ​នៃ​សុខុមាលភាព​ស្ត្រី ដោយសារ​ស្ត្រីជន​ជា​កូរ៉េ​ភាគច្រើន​ត្រូវបាន​បង្ខំ​ឲ្យ​បំរើ​ផ្លូវភេទ​ក្នុង​បន​ស្រី​នៃ​សម័យ​សង្គ្រាមយោធា​ប្រទេស​ជប៉ុន ។ កិច្ច​ពិភាក្សា​រវាង​លោកស្រី Park និង​លោក Abe បាន​ធ្វើឡើង​ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​កូរ៉េខាងត្បូង រវាង​មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ ដែល​ពួកគេ​បាន​ឯកភាពគ្នា​ធ្វើ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ឡើងវិញ ដើម្បី​ឆ្ពោះទៅរក​កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​ឲ្យបាន​ប្រសើរ​បំផុត និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ។
​លោក Abe បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​លោកស្រី Park និង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ថា ប្រទេស​ជប៉ុន ចិន និង​កូរ៉េខាងត្បូង គឺជា​ប្រទេស​ជិតខាង​នឹង​គ្នា ហើយ​ដោយសារ​តែ​ពួក​យើង​ជា​ប្រទេស​ជិតខាង​គ្នា មាន​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​ចំណោម​ពួក​យើង ៕