Friday, November 13, 2015

សមត្ថកិច្ចបង្ហាញមុខ​ក្រុមចោរ​ លួច​រថយន្ត ​៦​នាក់​

កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​តំណាង​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​ស​ន្និសិទ​កាសែត​បង្ហាញមុខ​បក្ខពួក​ក្រុមចោរ​លួចរ​ថ​យន្តដ៏​សកម្ម​ចំនួន​៦​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ។​
​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា បានឲ្យដឹងថា ជនសង្ស័យ ទី​១-​ឈ្មោះ មាស ចន្ថា ហៅ​ខ្នុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ក្រាំង​វិច ឃុំ​ក្តាញ់ ស្រុក​ព្រៃក្បាស ខេត្តតាកែវ (​ជំនាញ​គាស់​កំបូល​ម៉ាស៊ីន​កាត់​ខ្សែតេ​លេនិង​គាស់​ទ្វារ​-​រថយន្ត​ឃាត់​ខ្លូន​នៅ​ខេត្តតាកែវ​) ទី​២-​ឈ្មោះ សេង វណ្ណៈ ហៅ​ឌី​ជេ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ព្រែក​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល (​ជា​អ្នកបើករថយន្ត​បិទ​គូថ និង​រក​ទីផ្សារ​ឃាត់ខ្លួន​នៅ​ក្រុង​តាខ្មៅ​) ទី​៣-​ឈ្មោះ អ៊ុន អ៊ី​យូ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​អូរឫស្សី​១ ឃុំ​អូរឫស្សី ក្រុង​ក្រចេះ (​ជា​អ្នក​ដឹងឮ និង​ជួយ​ចាត់ចែង​ទទួល​-​ទិញ​រថយន្ត​ដែល​លួច​បាន​ឃាត់ខ្លួន​នៅ​ខេត្ត​ក្រចេះ​) ទី​៤-​ឈ្មោះ គា សុ​មិញ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ហាង​ខារ៉ាអូខេ​ត្រជាក់ចិត្ត ស្ថិតក្នុង​ភូមិ​-​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ (​ជា​ប្រពន្ធ​សង្ស័យ​ឈ្មោះ មាស ចន្ថា ឃាត់ខ្លួន​នៅ​ក្រុង​តាខ្មៅ​) ទី​៥-​ឈ្មោះ ប្រាក់ សារុន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សៃវ៉ា ឃុំ​ក្តាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ (​ជា​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ហឿង នី ឃាត់ខ្លួន​នៅ​ខេត្តតាកែវ​) និង​ទី​៦-​ឈ្មោះ អោក វ៉ាន់ឌី ហៅ ស្កា​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ក្រុង​ក្រចេះ (​ជា​អ្នក​ទិញ​រថយន្ត​ពី​ជន​ជនសង្ស័យ​ឈ្មោះ ឌី​ន ឃាត់ខ្លួន​នៅ​ខេត្ត​ក្រចេះ ។​
​យ​ឡែក​បក្ខពួក​ជនសង្ស័យ​៣​នាក់​ទៀត​ដែល​រត់គេចខ្លួន​នោះ ទី​១-​ឈ្មោះ ហឿង នី ហៅ​តិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​សៃវ៉ា ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ (​ជំនាញ​កាច់​.​ក រថយន្ត​និង​កាត់ផ្តាច់​ប្រព័ន្ធ​GPS និង​ជា​មេក្លោង​) ទី​២-​ឈ្មោះ អ៊ុន ស៊ី​ឌី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​អូរ​ឬ​ស្សី​១ ឃុំ​អូរ​ឬ​ស្សី ក្រុង​ក្រចេះ (​ជា​អ្នកទទួល​ទិញ​រថយន្ត​ដែល​លួចបាន​) និង​ទី​៣-​ឈ្មោះ ភី ណាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ទា ឃុំ​តាំ​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ (​ជា​អ្នកបើករថយន្ត​បិទ​គូថ​) ។​
​លោក​ស្នងការរង​បាន​ថ្លែង​ទៀត​ថា ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ចោរលួច​រថយន្ត ដ៏​សកម្ម​ខាងលើនេះ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ,​ខេត្តតាកែវ ,​ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ ផងដែរ ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ឃុន ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ម្តុំ​ផ្សារ​PC ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។​
​លោក រឿន ណា​រ៉ា បានបញ្ជាក់​ថា ជនរងគ្រោះ​ខាងលើ​នេះ​បាន​បាត់​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៩ ពាក់​ស្លាក​លេខ ភ្នំពេញ​2I-1813 កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ គ្រា​ដែល​ជនរងគ្រោះ​យក​ទៅ​ឈប់​នៅ​ខាង​មុខ​ផ្ទះ​ម្តុំ​ផ្សារ​PC ។ ក្រោយមក​ឆែក​តាម​ប្រព័ន្ធ​GPS​ឃើញ​រថយន្ត​បាត់ដាន​នៅ​ម្តុំ​ហាង​ខារ៉ាអូខេ​ត្រជាក់ ភូមិ​-​សង្កាត់​សំណាញ់ ក្រុង​តាខ្មៅ ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កណ្តាល ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​សហការ​ជាមួយ​ម្ចាស់​រថយន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​GPS ហើយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​កណ្តាល​បាន​បន្ត​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខេត្តតាកែវ ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ ចាប់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ព្រមទាំង​ធ្វើការ​ដកហូត​រថយន្ត​ចំនួន​៧​គ្រឿង ក្នុង​នោះ​រថយន្ត​កាមរី​បា​ឡែន​២​គ្រឿង​, រថយន្ត​កាមរី​ឆ្លាម​២​គ្រឿង និង​រថយន្ត​កូរ៉ូឡា​៣​គ្រឿង ។​
​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បានធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បាត់​រថយន្ត​នា​ពេល​កន្លង​មក​សុំ​អញ្ជើញ​យក​លិខិត​ស្នាម ឬ​ឯកសារ​ពាក់ព័ន្ធ​មក​ផ្ទៀងផ្ទាត់​ជាមួយ​រថយន្ត​ដែល​រឹបអូស​បាន ។ ជាមួយគ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទុកដាក់​រថយន្ត​ឲ្យបាន​ត្រឹមត្រូវ និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ត្រូវ​ចោរលួច ៕​