Friday, November 13, 2015

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ដែល​បាត់​ខ្លួន ពេល​បាក់​ទំនប់​រណ្តៅ​ដី​តា​កៅ​

ភ្នំពេញ ៖ រណ្តៅ​ដី​ដ៏​ធំ​របស់​លោក​ឧកញ៉ា ញឹក ផន ហៅ តា​កៅ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ ដាក់​នាម​ឲ្យ​ជារ​ណ្តៅ​ដី​ខ្លាត​យក្ស ពីព្រោះថា គ្រាន់តែ​បាក់​ទំនប់​ទឹក​លិច​ចូល​រណ្តៅ​មួយ​នេះ គឺ​ទឹក​នៅ​ក្នុង​ផ្ទៃ​បឹង​តា​មោក​ទាំងមូល​ស្រក​ប្រមាណ​ពី ៨​តឹក ទៅ​១​ម៉ែត្រ ហើយ​នៅក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ទឹកគួច​នាំយក​ទាំង​ទូក និង​បុរស​ជា​អ្នកនេសាទ​ម្នាក់​លិច​ចូលទៅក្នុង​ទឹក​បាត់​មួយប្រប្រិចភ្នែក រហូតមកដល់​ពេលនេះ សព​ត្រូវបាន​អណ្តែត​រក​ឃើញ​ហើយ​។​
​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ប្រាប់ឲ្យដឹង នា​វេលា​ម៉ោង​ប្រមាណ​៩:៥០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា បុរស​ជា​អ្នកនេសាទ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ករណី​បាក់​ទំនប់​រណ្តៅ​ដី​លោក​ឧកញ៉ា ញឹក ផន ហៅ តា​កៅ កាលពី​វេលា​ម៉ោង​២០:៣០​នាទី យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ រហូតមកដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ សព​ជនរងគ្រោះ​បាន​អណ្តែត​ផុសចេញ​ពី​ផ្ទៃ​ទឹក​ហើយ សមត្ថកិច្ច​លើកយក​មក​លើ​គោក ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ហើយ​ក្រោយពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​ក្រុមហ៊ុន ទាំង​ការដឹកជញ្ជូន​សព និង​បន្ត​ជួយ​ប្រពន្ធ​ជនរងគ្រោះ​ជា​បន្ត​ទៀត ដែល​ជា​ស្ត្រី​មេម៉ាយ​។​
​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ប្រាប់​បន្ត​ឲ្យដឹងថា សព​ជនរងគ្រោះ​ឈ្មោះ ទូច ស្លឹក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ បច្ចុប្បន្ន​មាន​ទីលំនៅ​ផ្ទះ​ជួល​ក្បែរ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្តៅកន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ប្រពន្ធ​ឈ្មោះ ឃុន ភាព អាយុ​៣៨​ឆ្នាំ និង​មាន​កូនប្រុស ៦​នាក់ ក្នុងបន្ទុក កូនច្បង​មាន​អាយុ ១៤​ឆ្នាំ និង​កូន​ប្អូន ទើបតែ​មាន​អាយុ ១​ខួប រស់​នៅ​សព្វថ្ងៃ​ពឹងផ្អែក​ទៅ​ប្តី​ជា​អ្នកនេសាទ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុង ១​ខែ តម្លៃ ១២​ម៉ឺន​រៀល​។ ដោយឡែក​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ខន រ៉េត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែល​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​បាក់​ទំនប់​រណ្តៅ​ដី​ខ្នាត​យក្ស របស់​លោក​ឧកញ៉ា ញឹក ផន ហៅ តា​កៅ នោះ​ផង​ដែរ រហូតមកដល់​ពេលនេះ ក៏​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត មកដល់​ផ្ទះ​វិញ​ហើយ ដោយសារ​ស្ថានភាព​របួស​មាន​ការធូរស្រាល​ច្រើន​ជាង​មុន ប៉ុន្តែ​នៅ​ក្នុង​ការតាមដាន​ជ្រោមជ្រែង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ញឹក ផន ហៅ តា​កៅ ដដែល​ដោយ​មាន​ការ​តាមដាន​ពី​អាជ្ញាធរ​សង្កាត់​ព្រែក​ព្នៅ ក្រោម​ការបញ្ជា​របស់​លោក​ផ្ទាល់​។​
​ពាក់ព័ន្ធ​ហេតុការណ៍​នេះ លោក​ក៏​បាន​រាយការណ៍​ជូនដំណឹង​ទៅ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​មាន​វិធានការ​ចំពោះ​រណ្តៅ​ដី​មួយ​នេះ ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ហើយ​ដែរ​។​
​សូម​រំឭក​ឲ្យដឹងថា កាលពី​វេលា​ម៉ោង​២០:៣០​នាទី យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ទូក​អ្នក​រក​ត្រី និង​កំពឹស​ជាច្រើន​គ្រឿង ត្រូវ​បាន​ទឹក​កួច​ចូល​ក្នុង​រណ្តៅ​ជីកដី​ដ៏​សែន​ជ្រៅ​មួយកន្លែង ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​របស់​ឧកញ៉ា ញឹក ផន ហៅ តា​កៅ ស្ថិតក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ជីក​ជម្រៅ​យ៉ាងជ្រៅ បណ្តាលឲ្យ​បាក់​ទំនប់ ជាហេតុ​នាំ​ឲ្យ​ទឹក​ហូរ​ខ្លាំង​កួច​ទូក​ទាំងនោះ​ចុះក្រោម ប៉ុន្តែ​មិន​ទាន់​ដឹងថា មាន​មនុស្ស​របួស ឬ​ក៏​ស្លាប់​ប៉ុន្មាន​នាក់​ឲ្យ​ពិតប្រាកដ​នៅឡើយ​នោះទេ គ្រាន់តែ​រក​ឃើញ​បុរស​ម្នាក់​រងរបួស ហើយ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​
​តាម​រៀបរាប់​ពី​ជនរងគ្រោះ​រងរបួស​ធ្ងន់​ឈ្មោះ ខន រ៉េត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែល​បាន​រួចផុតជីវិត​នោះបាន​ប្រាប់ឲ្យដឹង​ថា ដោយសារតែ​ជីវភាព​ក្រីក្រ​ពេក​នោះ រូបគេ​ជា​មួយ និង​អ្នកជិតខាង​ដ៏ទៃទៀត បាននាំគ្នា​ជិះទូក ដើម្បី​រកត្រី និង​កំពឹស​ក្នុង​ទំនប់​កប់​ស្រូវ​គ្រាន់​ចិញ្ចឹម​ក្រពះ ខណៈ​ដែល​កើតហេតុ​រូប​គាត់​បាន​ឮ​លឺស្នូរ​កាំភ្លើង​បាញ់​៣​ទៅ​៤​គ្រាប់ និង​សម្លេង​ស្រែកថា មិន​ឲ្យ​អុំ​ទូកចូល​ជិត​កន្លែង​រណ្តៅ​ដី ភ្លាម​នោះ​រូបគេ ក៏​បាន​អុំទូក​ចេញ​ដែរ ប៉ុន្តែ​ក៏​ស្រាប់តែ​បាក់​ទំនប់ បណ្តាលឲ្យ​ទឹក​ហូរ​ខ្លាំង​កួ​ចទូក​របស់​គាត់ និង​អ្នក​ផ្សេង​ទៀត​ធ្លាក់ចុះ តែ​សំណាងល្អ​រូបគាត់​បាន​ព្យាយាម​ហែល​ឡើង​មក​វិញ​រួចផុត​ពី​សេចក្តីស្លាប់ គ្រាន់តែ​រងរបួស​ធ្ងន់​ត្រង់​ចង្កេះ ហើយ​ត្រូវបាន​អ្នកជិតខាង​ដែល​ទៅ​ជាមួយ​ឃើញ​ក៏​បាន​ទំនាក់ទំនង​ឲ្យ​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏​ដឹក​បន្ត​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​
​ភ្លាមៗ​នោះដែរ គេ​ឃើញ​មាន​វត្តមាន​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​មក​ដល់​មន្ទីរពេទ្យ ដើម្បី​មក​មើល​ជនរងគ្រោះ និង​ចុះ​ពិនិត្យ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​នោះ គឺ​កូនចៅ​ដែល​ប្រចាំការ​នៅក្នុង​រណ្តៅ​ដី​នោះ​មិនឲ្យ​ចូល​សោះ សូម្បី​តែ​អភិបាលខណ្ឌ ដែលជា​អ្នក​គ្រប់គ្រង​ក្នុង​ភូមិសាស្ត្រ​មួយ​នេះ ក៏​មិន​ចង់ឲ្យ​ចូលដែរ ៕