កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មានម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស ៤គ្រឿង ត្រូវបាននគរបាលក្រុង ប្រតិបត្តការស្ទាក់ចាប់ នៅក្នុងភូមិសាស្ត្រទឹកដីក្រុងកំពង់ឆ្នាំង តាមគោលការណ៍របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្ត។ ប្រតិបត្តការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ឆ្នាំង។
លោក ហង្ស ប៊ុនហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា៖ យោងតាមចំណាររបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងក្រោមការបញ្ជារផ្ទាល់ពីលោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្ត បានឲ្យសមត្ថកិច្ចនគរបាលទាំងអស់ នៅក្នុងខេត្ត ចេញប្រតិបត្តការស្ទាក់ចាប់រថយន្ត និងម៉ូតូ ដែលបានកែរច្នៃខុសលក្ខណៈបច្ចេកទេស មកធ្វការពិន័យអប់រំ និងធ្វើកិច្ចសន្យា ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ និងជៀសវាងគ្រោះថ្នាក់ដោយចៃដន្យ ដោយសារយានយន្តទាំងនេះ។
លោកបានបន្តថា នៅក្នុងការស្ទាក់ចាប់ កម្លាំងនគរបាលក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាល ទាំង៤ ឃាត់បានម៉ូតូ ចំនួន៤គ្រឿង ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស គឺការដាក់ស៊ីម៉ាំងប្រ៉ែន ដាក់ភ្លើងឡាហ្សែ និងតសាក់ស៊ីខុសបច្ចេកទេសជាដើម ក្នុងនោះរកឃើញម៉ូតូ២គ្រឿង ជារបស់កូនចៅមន្ត្រីមានបណ្តាសក្តិនៅក្នុងខេត្តផងដែរ។
លោក ហង្ស ប៊ុនហាក់បានបន្ថែមថា សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង នឹងបន្តធ្វើការស្ទាក់ចាប់យានយន្ត ដែលកែច្នៃខុសលក្ខណៈបន្តទៀត ដើម្បីឲ្យអស់តែម្តងនៅក្នុងក្រុងកំពង់ឆ្នាំង ហើយក៏សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ សូមជួយចូលរួមអប់រំណែនាំកូនចៅ កុំឲ្យលួចលាក់យកម៉ូតូ ឬរថយន្តទៅកែច្នៃបន្ថែមឲ្យខុសលក្ខណៈបច្ចេកទេសដើម របស់យានយន្ត ដើម្បីចូលរួមចំណែកលុបបំបាត់នូវភាពអនាធិបតេយ្យនៅក្នុងក្រុងខេត្តរបស់យើង៕