Friday, November 13, 2015

បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច បណ្ដាលឲ្យ​ស្លាប់​ម្នាក់ ​របួស​ម្នាក់

ត្បូងឃ្មុំ​៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​អនុវត្ត​តាម​ដីកា របស់​សាលាដំបូង​ខេត្ត លើ​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ​បទ​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង ១៥:០៣​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​
​សមត្ថកិច្ច​បានឲ្យដឹងថា ក្នុង​ការអនុវត្ត​ដីកា​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​លោម​ព័ទ្ធ​ជនល្មើស ក្នុងពេល​កំពុង​ណាត់គ្នា​ដើម្បី​ទិញ​អាវុធ ដើម្បី​ធ្វើ​សកម្មភាព​បន្ត ពេល​នោះ​ជនសង្ស័យ បានធ្វើការ​បាញ់​តដៃ សមត្ថកិច្ច​បាន​ធ្វើការ​បាញ់​ត​វិញ បណ្តាល​ឲ្យ​ជនល្មើស ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស ។​
​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ម្នាក់​ដែល​ស្លាប់ មានឈ្មោះ នាង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជា​មុខសញ្ញា​មកពី​ខេត្ត​កំពង់ធំ និង របួស ម្នាក់ ឈ្មោះ ញ៉េ ឡយ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​និគម​ន៍​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ការចុះ​អនុវត្ត​តាម​ដីកា នេះ​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍​ស្នងការ និង លោក​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ការអនុវត្ត​ដីកា​ចំនួន ២​ដីកា លេខ​៩៨៥ ចុះ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្ត​កំពង់ចាម ករណី​លួច​មាន​ស្ថាន​ទំងន់​ទោស ប្រព្រឹត្តទៅ​នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ  និង លេខ ១២០៤ ខែ​មីនា ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្ត​កំពង់ចាម ករណី​លួច​មាន​ស្ថាន​ទំងន់​ទោស ប្រព្រឹត្តទៅ​នៅ​ភូមិ​ក្បាល​ស្លែង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៕​