ប្រធានអង្គភាពប្រឆាំងអំពើចារកម្ម សហរដ្ឋអាមេរិក លោក Bill Evanina បាននិយាយកាលពីថ្ងៃពុធថា លោកមានការសង្ស័យចំពោះប្រទេសចិន ថាតើបានធ្វើតាមការសន្យាឬទេ ចំពោះការទប់ស្កាត់អំពើចារកម្មលើសហរដ្ឋអាមេរិក ។ លោក Evanina បានប្រាប់ក្នុងសន្និសីទកាសែតខ្លីមួយថា លោកបានពិនិត្យឃើញថា មិនមានកំណត់បង្ហាញណាមួយឡើយ ពីវិស័យឯកជនសហរដ្ឋអាមេរិក ដែលបញ្ជាក់ថា អ្វីៗមានការផ្លាស់ប្តូរចំពោះវិសាលភាពនៃអំពើចារកម្មរបស់ចិន ចំពោះសហរដ្ឋអាមេរិក ។
លោកបាននិយាយថា ៩០% នៃការរំលោភបំពានលើប្រព័ន្ធទិន្នន័យ របស់វិស័យឯកជន និងរដ្ឋាភិបាលអាមេរិក គឺដំណើរការដោយ spear-phishing ដោយលោកបានបន្ថែមទៀតថា spear-phishing មានតួនាទីជាច្រើន ក្នុងការលួចយកទិន្នន័យសន្តិសុខ នៃការិយាល័យគ្រប់គ្រងបុគ្គលិកសហរដ្ឋអាមេរិក (OPM) ។ ប៉ុន្តែលោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ លោកមិនមានភស្ដុតាងណាមួយ ដែលបញ្ជាក់ថា ភាគីទាំងឡាយដែលបានព្យាយាមតាំងពីពេលកន្លងមក ដើម្បីប្រើប្រាស់ទិន្នន័យបុគ្គលនីមួយៗ ដោយលួចយកពី OPM នោះគឺមានបំណងអាក្រក់នោះឡើយ ។
ក្រុមស៊ើបអង្កេតសហរដ្ឋអាមេរិក បានសន្មតថា ការលួចយកទិន្នន័យរបស់ OPM ធ្វើឡើងដោយភ្នាក់ងាររដ្ឋាភិបាលរបស់ចិន ។ មតិរបស់លោក Evanina ធ្វើឡើងមុនពេលកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រី រវាងសហរដ្ឋអាមេរិក និងចិន ដែលនឹងធ្វើនៅថ្ងៃទី១-២ ខែធ្នូ ខាងមុខនេះ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងប្រឆាំងនឹងការលួច ទិន្នន័យបច្ចេកវិទ្យា ដែលត្រូវបានសម្របសម្រួលដោយប្រជាជាតិទាំងពីរ កាលពីខែកញ្ញា ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយរួមបញ្ចូលទាំងការសន្យាថា មិនមានប្រទេសណាមួយ មានគំនិតដោយចេតនាលួចយកទិន្នន័យ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចឡើយ ៕