លោកប្រធានាធិបតីរបស់ប្រទេសបារាំង ហ្វ្រង់ស្វ័រ ហូឡង់ បានដាក់លិខិតស្នើសុំទៅរដ្ឋសភា ជាតិ ក្នុងការដាក់ប្រទេសនេះអោយស្ថិតក្នុងគ្រាអាសន្នរយៈពេល៣ខែ ក្រោយពីមានអំពើភេរវកម្ម នៅកណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃសុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។
ផ្អែកលើលិខិតសំណើររបស់ប្រមុខដឹកនាំរដ្ឋាភិបាល សភាជាតិបារាំង បានសម្រេចដាក់ប្រទេសនេះក្នុងគ្រាអាសន្នរយៈពេល៣ខែទៅមុខទៀត ក្នុងគោលដៅបង្កើនការប្រុងប្រយ័ត្ន និងបើកយុទ្ធ នាការវាយកំទេចសំបុកលាក់ខ្លួនរបស់ក្រុមភេរវជន នៅទូទាំងប្រទេស ។
គិតក្នុងរយៈពេលពេញមួយសប្តាហ៍កន្លងមកនេះ ចាប់តាំងពីថ្ងៃសុក្រទី១៣ ខែវិច្ឆិកា រហូតដល់ ថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកាដដែល កងកម្លាំងយោធានិងនគរបាលបារាំង បានចូលទៅឆែកឆេរទីតាំ ងរដ្ឋបាលប្រមាណ ៤១៤កន្លែង ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦០នាក់ និងរឹបអូសបានអាវុធ ៧៥ដើម ដែលមាន ១១ដើម ជាអាវុធធ្វើសង្គ្រាម។
តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Bernard Cazeneuve បានអោយដឹងថា ប្រតិបត្តិការតាមប្រមាញ់ក្រុមភេរវជននៅមានបន្តទៀតនៅប្រទេសបារាំង។ នៅមុខសភាបារាំង រដ្ឋមន្ត្រីបារាំង នៅបានលើកឡើងថា ប្រតិបត្តិការសម្រុកចូលផ្ទះនៅជាយក្រុងប៉ារីស កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ ដដែល បានសម្លាប់ភេវរជនពីរនាក់ និងបានរកឃើញថា ក្រុមភេរវជនកំពុងមានផែនការចង់ធ្វើអំពើភេរវកម្មនៅកន្លែងមួយទៀតនៅប្រទេសបារាំង ។
តាមប្រភពស្និទ្ធនឹងក្រុមស៊ើបអង្កេតបារាំង បានបង្ហាញថា នៅក្នុងប្រតិបត្តិការតាមរកចាប់មេក្លោងភេរវកម្មនៅទីក្រុងប៉ារីស ប៉ូលិសបានរកឃើញដោយចៃដន្យក្រុមភេរវជនមួយក្រុមផ្សេងទៀត ដែលគ្មានពាក់ព័ន្ធនឹងក្រុមធ្វើភេរវកម្មនៅប៉ារីស ប៉ុន្តែក្រុមថ្មីនេះកំពុងតែត្រៀមរៀបចំគម្រោងធ្វើអំពើភេរវកម្ម នៅLa Défense ជាយក្រុងប៉ារីស។
ទាំងភេរវជនដែលបានស្លាប់ និងជនសង្ស័យដែលប៉ូលិសចាប់ខ្លួន នៅក្នុងប្រតិបត្តិការឡោម ព័ទ្ធនៅភាគខាងជើងក្រុងប៉ារីស សុទ្ធសឹងជាមុខក្រុមភេរវជនដែលកំពុងត្រៀមធ្វើភេរវកម្ម នៅLa défense សង្កាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុតរបស់អឺរ៉ុប ដែលមានក្រុមហ៊ុនប្រមាណ ២៥០០ក្រុម ហ៊ុន ។ នៅក្នុងវេទិការជំនុំជាមួយចៅហ្វាយក្រុងក្នុងស្រុកបារាំង លោកប្រធានាធិបតី បានប្រកាសបំពាក់អាវុធដល់ប៉ូលិសក្រុង ដែលនៅមួយរយៈចុងក្រោយនេះ បានបញ្ចេញស្នាដៃល្អ រួមសហការ ជាមួយប៉ូលិសថ្នាក់ជាតិ ដើម្បីតាមប្រមាញ់ក្រុមភេរវនិយម ។
វិមានប្រធានាធិបតីបារាំង បានប្រកាសឲ្យដឹងពីអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលបានស្លាប់និងរងរបួសក្នុងអំពើភេរវកម្ម។ ជារួមមានមនុស្សចម្រុះជាតិសាសន៍ចំនួន ១៩ជាតិសាសន៍ ដែលរងគ្រោះក្នុងភេរវកម្មកណ្តាលក្រុងប៉ារីស។ ការិយាល័យអន្តរក្រសួង ដែលស្ថិតនៅក្រោមការដឹកនាំ របស់ក្រសួងការបរទេស នឹងទទួលបន្ទុកផ្តល់ជំនួយដល់ក្រុមគ្រួសារសម្រាប់ធ្វើពិធីបុណ្យសព ។
សូមរំឭកជូនបន្តិចថា អំពើភេរវកម្មនៅទីក្រុងប៉ារីសប្រទេសបារាំង បានសម្លាប់មនុស្សអស់ ចំនួន១២៩នាក់ និងមនុស្សប្រមាណជាង៣០០នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងនោះមានជន ជាតិផ្សេងពីគ្នាចំនួន១៩ ដែលការវាយប្រហារនេះ គឺជាស្នាដៃរបស់មេខ្លោងភេវរករវ័យក្មេងជនជាតិ ប៊ែលហ្សិកម្នាក់ គឺភេវរករ Abdelhamid Abaaoud អាឌែលហាម៉ីដ អាបាអ៊ូត មេក្លោងធ្វើភេរវកម្មនៅ ប៉ារីស និងកំពុងសំងំលាក់ខ្លួនរកមិនទាន់ឃើញនៅឡើយ ។
Abdelhamid Abaaoud គឺជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនៅប៉ារីស កាលពីថ្ងៃទី១៣ វិច្ឆិកា។ បើតាមប្រសាសន៍របស់លោកប្រធានាធិបតីបារាំង ការបញ្ជាចេញមកពីស៊ីរី ប៉ុន្តែនៅពេលនេះ អាបាអ៊ូត ទំនងជាបានមកដល់ប៉ារីស ! ។
Abdelhamid Abaaoud ដែលមានសញ្ជាតិបែលហ្សិក កើតនៅក្នុងទីក្រុងព្រុចសែល សង្កាត់ Molenbeek អាយុ២៨ឆ្នាំ គឺកើតឆ្នាំ១៩៨៧ បានក្លាយជាសកម្មជនដ៏ក្លៀវក្លារបស់អង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងដែលនគរបាលអឺរ៉ុប តាមស្គាល់មុខនិងតាមចាប់តាំងពីជាច្រើនឆ្នាំមកហើយ។ អាបាអ៊ូតដែលបានចូលទៅធ្វើជាជីហាតឲ្យពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី នៅដើមឆ្នាំ២០១៣ បានយកឈ្មោះស្រុកមួយរបស់ម៉ារ៉ុកដែលជាស្រុកកំណើតឱពុកម្តាយ មកដាក់ជាឈ្មោះហៅក្រៅ Abou Omar Soussi បន្ថែមមួយទៀត ។
ភេរវជនម្នាក់នេះ ជាមេគំនិតនៃបណ្តាញភេរវនិយមនៅបែលហ្សិក និងជាអ្នកចាត់ចែងរៀបចំភេរវកម្មចំនួន៥ គិតត្រឹមឆ្នាំ២០១៥នេះ ខ្លះបានសម្រេចក្នុងនោះមានមួយគឺការវាយប្រហារភេរវកម្មនៅប៉ារីសថ្ងៃទី១៣វិច្ឆិកា ខ្លះត្រូវបានកម្ចាត់ទាន់ ដូចជាគម្រោងធ្វើភេរវកម្មប្រឆាំងនឹងវិហារកាតូលិកនៅជាយក្រុងប៉ារីសកាលពីថ្ងៃទី១៩មេសាគម្រោងភេរវកម្មប្រឆាំងនឹងសាលមហោស្រពសិល្បៈ នៅ ថ្ងៃទី១១សីហា ឬគម្រោងវាយប្រហារក្នុងរថភ្លើងប៉ារីស-អាំស្ទែដាំ ថ្ងៃទី ២៤សីហា និងក៏មានទំនាក់ទំ នងជាមួយភេវរជននេម៉ូសដែលធ្វើភេរវកម្មនៅ សារៈមន្ទីរជ្វីហ្វ ក្រុងព្រុចសែលកាលពីឆ្នាំ២០១៤ ទៀត។
អាបាអ៊ូតធ្លាប់ត្រូវបានប៉ូលិសបែលហ្សិក កាត់ទោសដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ក្នុងបទឧក្រិដ្ឋពាក់ព័ន្ធនឹងភេរវនិយមនេះ។ អាបាអ៊ូតស្គាល់គ្នាយ៉ាងច្បាស់ជាមួយនឹងបងប្អូនអត្តឃាត ជន អាដេស្លាម អាឡា និងអ៊ីប្រាហ៊ីម ដោយមានឈ្មោះទាំងបីនាក់រួមគ្នាក្នុងសំណុំឯកសារឧក្រិដ្ឋកម្មនៅ បែលហ្សិក។ ប៉ូលិសបែលហ្សិកបានចាត់ទុក អាបាអ៊ូត ជាមេកើយ មានផែនការភេរវកម្មវាយប្រ ហារបារាំង តាំងពីជាច្រើនខែមកហើយ ដោយយកបែលហ្សិកធ្វើជាមូលដ្ឋាន។ គឺដោយហេតុតែដឹងអំពីសកម្មភាពដ៏គ្រោះថ្នាក់នេះ ទើបគេឃើញមានឈ្មោះ អាបាអ៊ូត នៅក្នុងបញ្ជីផ្ទាំងស៊ីបនៃការវាយ ប្រហារផ្លូវអាកាសរបស់កងទ័ព បារាំង កាលពីចុងខែកញ្ញា ។
ហើយនៅថ្ងៃនេះ អាបាអ៊ូត គឺជាផ្ទាំងស៊ីបនៃប្រតិបត្តិការវាយប្រហារនៅប៉ារីស ដោយហេតុនគរបាលបារាំងបានទទួលនិងសង្ស័យថា អាបាអ៊ូត បានធ្វើដំណើរពីស៊ីរី មកបញ្ជាសកម្មភាពភេរវកម្មដោយផ្ទាល់ដល់ប៉ារីសតែម្តង។ ប៉ុន្តែជាថ្មីម្តងទៀត គ្មានព័ត៌មានអ្វីច្បាស់បញ្ជាក់ថា អាបាអ៊ូត នៅក្នុងផ្ទះដែលនគរបាលកំពុងឡោមព័ទ្ធធ្វើអន្តរាគមន៍តាំងពីព្រឹកមិញទេ។
ប្រធានាធិបតីបារាំងលោកហ្វ្រង់ស័រ ហូឡង់បានមានប្រសាសន៍ថាសកម្មភាពធ្វើភេរវកម្មនៅ ប៉ារីស ត្រូវបានផ្តួចផ្តើមគំនិតនៅក្នុងប្រទេសស៊ីរី បន្ទាប់មកគឺបង្កើតចេញជាគម្រោងនៅប៊ែលហ្ស៊ិក និងចុងបញ្ចប់ភេរវកម្មចេញរូបរាងក្នុងប្រទេសបារាំង។ ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមប្រកាសទទួ លស្គាល់ថា ភេរវកម្មជាស្នាដៃរបស់ក្រុមខ្លួន ប៉ុន្តែ តាមអ្នកជំនាញខាងភេរវកម្ម តាមពិតក្រុមតូចៗ មកពីអឺរ៉ុប ដែលជាសមាជិករបស់ក្រុមជីហាត រដ្ឋអ៊ីស្លាមជាអ្នកមានគំនិត ផ្ទាល់ខ្លួន ចង់វាយប្រហារបារាំងនិងអឺរ៉ុប ៕