Thursday, November 19, 2015

អភិបាលរង​រាជធានី​ភ្នំពេញ ព្រមាន​ម្ចាស់​អាជីវកម្ម​ឡាន​ដឹក​ដី

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ធ្វើ​ការព្រមាន​ខ្លាំង​ទៅ​លើ​ម្ចាស់​អា​ជី​កម្ម ដែល​មាន​របរ​ឡាន​ដឹក​ដី​នៅក្នុង​ខណ្ឌ​ដង្កោ ឲ្យ​ឈប់​បើកបរ​បែប​ប្រណាំង​គ្នា បើកបរ​លឿន​នៅក្នុង​ភូមិ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​។ នេះ​គឺជា​ការលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណ​តិ្ត​ទី​២ នៅ​ខណ្ឌ​ដង្កោ នា​ព្រឹក​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា យើង​ត្រូវការពារ​សេចក្តីសុខរ​បស់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចេះ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​នេះ គឺជា​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​យើង​។ អញ្ចឹង​ការ​រកស៊ី​របស់​បងប្អូន​អាជីវកម្ម​ឡាន​ដឹក​ដី​ត្រូវ​ចេះ​គិតគូរ​ផងដែរ ដល់​ប្រជាពលរដ្ឋ បើ​បងប្អូន​ម្ចាស់​អាជីវកម្ម​ឡាន​ដឹក​ដី​ធ្វើ​ស្រួល​មិន​ប៉ះពាល់​ដល់​អ្នកភូមិ​យើង​ចេះ​តែ​ល្អ​ស្រួល​ជាមួយគ្នា​។ តែ​បងប្អូន​ម្ចាស់​អាជីវកម្ម​ឡាន​ដឹក​ដី​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ មិន​អាច​ទទួលយកបាន អញ្ចឹង​យើង​ជា​អាជ្ញាធរ​ក៏​មិន​អាច​ទទួលយកបាន​ដូចគ្នា​។ ហេតុ​ដូច្នេះ​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​-​ខណ្ឌ ត្រូវ​ពិនិត្យមើល​ឲ្យបាន​មែនទែន នេះ​បញ្ហា​ជុំវិញ​រឿង​ឡាន​ដឹក​ដី​។​
​ដោយឡែក​ជុំវិញ​ការកាយ​ប្រឡាយទឹក ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​លើ​កស​សើរ​ផងដែរ​ចំពោះ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ដែល​យកចិត្តទុកដាក់​ក្នុង​សកម្មភាព​របស់​លោក​លើ​ការកាយ​ប្រឡាយទឹក​ស្រោចស្រប់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​។ ក្នុង​នោះ​ផង​ដែរ ចំពោះ​បញ្ហា​ផ្លូវ​លេខ​២១៧ (​ចំការ​ដូង​) ដែល​ក្រុមហ៊ុន ណឹប​ម៉េង​គ្រុប ទទួល​ម៉ៅការ​បច្ចុប្បន្ននេះ មាន​ការយឺតយ៉ាវ​ដាក់​ប្រព័ន្ធ​លូ​ធ្វើឲ្យ​ប៉ះពាល់​ក្នុងការ​ធ្វើ​ដំណើ​រកក​ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ​នោះ អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​សន្យាថា លោក​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ពន្លឿន​ការស្ថាបនា​ផ្លូវ​២១៧​នេះ​។​
​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​សងខាង​ផ្លូវ​២១៧​នេះ កុំ​សាងសង់​របង​ផ្ទះ​រំលោភ​លើ​ផ្លូវ ព្រោះ​អនាគត​ផ្លូវ​២១៧​នេះ នឹង​ពង្រីក​ទទឹង​ទំហំ ៤០​ម៉ែត្រ ហេតុ​ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ត្រូវ​ទប់​បញ្ហា​នេះ ៕