Thursday, November 19, 2015

ស្លាប់​៥​នាក់ របួសធ្ងន់​ម្នាក់ ដោយសាររថយន្ត​ដឹក​ស៊ីម៉ងត៍ បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ​

​តាកែវ ៖ យ៉ាងហោច​ណាស់​មនុស្ស ៥​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច និង​ប្រជាពលរដ្ឋ​រោម​មើល​ជុំជិត កាលពី​វេលា​ម៉ោង​៥:០០​នាទី ទៀប​ភ្លឺ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៦-៥៧ ស្ថិតក្នុង​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​
​លោក​វរសេនីយ៍ទោ មឿង សារុន អធិការនគរបាល​ស្រុក​សំរោង បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-7696 ដោយ​មាន​ដឹក​ស៊ីម៉ងត៍​ពេញ​រថយន្ត បើកបរ​ដោយ​យុវជន​ម្នាក់ ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង ពេល​ធ្វើដំណើរ​ជិត​ដល់​ចំណុចកើតហេតុ បាន​បើករថយន្ត​ជែង​ឡើង​ស្ពាន​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-8004 ជា​រថយន្ត​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​អ្នក​រួម​ដំណើរ​ជា​មួយ​ចំនួន ៤​នាក់ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​គៀប​ស្លាប់​នៅក្នុង​រថយន្ត ចំណែក​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ និង​អ្នករួមដំណើរ ៣​នាក់ បាន​គៀប​ស្លាប់ រីឯ​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​
​លោក​អធិការ​បាន​បន្តថា អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​មានឈ្មោះ ទឹម សុខ​វើន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ដូន​ទួត ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ស្លាប់​)​។ ចំណែក​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ខា​រ៉ា​បាវ មានឈ្មោះ សុង អូន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត មាន​ទីលំនៅ​ភូមិ​ថ្ម​ពេ​ជ ឃុំ​ថ្ម​ពេ​ជ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​) និង​អ្នករួមដំណើរ​ជា​មួយ​មាន​គ្នា ៤​នាក់​៖ ទី​១.​ឈ្មោះ ហេង ផល្លា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​ក្រុមហ៊ុន​ខា​រ៉ា​បាវ (​ស្លាប់​), ទី​២.​ឈ្មោះ ធា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​កម្មករ (​ស្លាប់​) អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ជុ​ក ឃុំ​ត្បូងឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​, ទី​៣.​ឈ្មោះ ហួន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ខេត្ត​ស្វាយរៀង (​ស្លាប់​) និង​ទី​៤.​ឈ្មោះ ស៊ី ណា​វុន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ចោមចៅ រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ​។​
​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​អធិការ​បាន​បញ្ជាក់ថា លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រុក ចុះ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​រថយន្ត​ទាំង​ពីរ​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​សាកសព​ជនរងគ្រោះ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕