Thursday, November 19, 2015

ម៉ូតូ​សេ​១២៥ បុក​ម៉ូតូ​និច ខ្ទាត​ទៅ​បុក​រថយន្ត ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​

តាកែវ ៖ យុវជន​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់ នៅ​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ទន្លេបាទី និង​យុវជន ២​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​និង​ម៉ូតូ រួច​ខ្ទាត​ទៅ​បុក​រថយន្ត ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច និង​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង ១៣:៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិតក្នុង​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​
​លោក​វរសេនីយ៍ត្រី ឈន ទ្រឿន អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​សាក្សី បាន​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១០ បើកបរ​ដោយ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ចូល​ចាក់​សាំង នៅ​ស្ថានីយប្រេងឥន្ធនៈ​ទន្លេ​បាទី ស្ថិតក្នុង​ភូមិ​-​ឃុំ​កើតហេតុ ក្រោយពី​ចាក់​សាំង​ម៉ូតូ​រួច បាន​ជិះ​ម៉ូតូ​ចេញ​ឡើង​មក​លើ​ផ្លូវជាតិ​លេខ​២ ដើម្បី​ចេញ​ដំណើរ​បន្តទៅ​ទិស​ខាងជើង ស្របពេលនោះ​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​ស៊ូ​គីនិច ពណ៌​ស សេរី​២០១៤ ពាក់​ផ្លាកលេខ ភ្នំពេញ 1FK-3547 មាន​ជិះ​គ្នា​២​នាក់ ធ្វើដំណើរ​មក ពី​ទិស​ខាងជើង​ទៅ​ត្បូង រួច​ក៏​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ទៅ​ប៉ះ​ជាមួយ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 1A-5259 ដែល​ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា រងរបួស​ធ្ងន់ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គីនិច ដាច់ខ្យល់​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ទន្លេបាទី រីឯ​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី រាជធានី​ភ្នំពេញ​។​
​ប្រភព​បាន​បាន​បន្តថា អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពត 1D-9395 មានឈ្មោះ សុខ សុឃាង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ភូមិ​ខ្នា ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ រងរបួស​ធ្ងន់​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គីនិច មានឈ្មោះ ខៀវ សុខា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​(​ស្លាប់​) និង​អ្នកជិះ​ពីក្រោយ​មាន​ឈ្មោះ ណាក់ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជា​កម្មករ​ក្រុមហ៊ុន​ស៊ុន​ទ្រី ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់​។ រីឯ​អ្នកបើកបរ​រថយន្ត​មានឈ្មោះ ផាត់ តោ​ហ៊ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល គ្មាន​របួស​។
​លោក​អធិការរង​បាន​បញ្ជាក់បន្ថែម​ថា ករណីនេះ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ ដកហូត​វត្ថុតាង​ទាំង​បី​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​សាកសព​បាន​ប្រគល់​ជូន ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​