ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត នៃសភាតំបន់អាស៊ី(APA) លើកទី៨ នាដើមខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ នៅរាជធានីភ្នំពេញ ដែលមានគណៈប្រតិភូជាប្រធានរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ ព្រមទាំងមានគណៈប្រតិភូបរទេស ជាអង្គការសង្កេតការណ៍ជាច្រើនទៀត នឹងអញ្ជើញមកចូលរួមក្នុងមហាសន្និបាតនេះផងដែរ។នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យកិច្ចការទាំងអស់នោះ ដោយមានការចូលរួមប្រជុំ ពីមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលមានភារកិច្ច នៅក្នុងការរៀបចំ ដំណើរការមហាសន្និបាតលើកទី៨ សភាតំបន់អាស៊ី។
អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលការងារ ដែលអង្គភាពនីមួយៗ បានអនុវត្តន៍នាពេលកន្លងមក ដែលមានដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលមានការអញ្ជើញគណៈប្រតិភូបរទេស ការឆ្លើយតប និងសំណូមពរទាំងឡាយ ពីភ្ញៀវដែលនឹងអញ្ជើញមកចូលរួមមហាសន្និបាត។ ការពិនិត្យលើរបៀបវារៈមហាសន្និបាត ការត្រៀមរៀបចំសេវាកម្ម សម្ភារ និងធនធានមនុស្សជាដើម។
យោងតាមការរាយការណ៍ពីថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានបង្ហាញថាកិច្ចការជាច្រើនត្រូវបានសម្រេច គឺត្រៀមចាំតែថ្ងៃប្រារព្ធពិធីតែប៉ុណ្ណោះ។
ឯកឧត្តម អគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបន្តទៀត។ ឯកឧត្តមបានជំរុញដល់មន្ត្រីពាក់ព័ន្ធ ត្រូវបញ្ចប់រាល់ការងារទាំងឡាយណា ដែលសេសសល់ឲ្យរួចរាល់ នៅក្នុងពាក់កណ្តាល ខែវិច្ឆិកានេះ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជំរុញដល់នាយកដ្ឋានព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ខិតខំរកមធ្យោបាយ ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ដល់សាធារណជនបានដឹង ពិសេសត្រូវធ្វើការទំនាក់ទំនងជាមួយបណ្តាញ ព័ត៌មាន រដ្ឋ និងឯកជន ដើម្បីរួមសហការគ្នា ធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយពីមហាសន្និបាតនេះ បានទូលំទូលាយ។
ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថាព្រឹត្តិការណ៍ដ៏ធំនេះ ជាកិត្តិយសប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ មហាសន្និបាតនេះ នឹងបង្ហាញឲ្យពិភពលោកបានឃើញពីការខិតខំ របស់សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកសាងសន្តិភាព ការផ្សះផ្សាជាតិសាសន៍ នៅក្នុងតំបន់ និងពិភពលោក។
សូមជម្រាបដែរថា ប្រធានបទនៃមហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលនេះគឺ “ ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុងតំបន់”។
សភាតំបន់អាស៊ី បានបង្កើតឡើងក្នុងគោលបំណង នៃការជំរុញសុខសន្តិភាព និង សមារណកម្ម សម្រាប់តំបន់អាស៊ីទាំងមូល ដោយផ្អែកលើមូលដ្ឋាននៃប្រព័ន្ធយុត្តិធម៌ ការចែករំលែក និងស្មើភាពគ្នា នូវស្ថិរភាពនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត សម្រាប់តំបន់អាស៊ី។
សភាតំបន់អាស៊ី (Asian Parliament Assembly ) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយបានបានប្តូរឈ្មោះមកពី សមាគមន៍សភាអាស៊ីដើម្បីសន្តិភាព (The Association Of Asian Parliament for Peace) ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ រហូតមកដល់ពេលនេះ សភាតំបន់អាស៊ី មានសមាជិកពេញសិទ្ធិ ចំនួន៤២ប្រទេស សមាជិកជាអ្នកសង្កេតការណ៍ចំនួន ១៦ប្រទេស៕ AKP

