Thursday, November 12, 2015

ក្រសួង​ទេសចរណ៍ និង​ទីក្រុង​លី​យ៉ុង សហការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ និង​អ្នកវិនិយោគ​បារាំង​មក​កម្ពុជា​

ភ្នំពេញ ៖ ក្រសួង​ទេសចរណ៍​កម្ពុជា សហការ​ជាមួយ​អគ្គ​កុងស៊ុល​បារាំង​ប្រចាំ​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង ប្រចាំ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង ធ្វើការ​ផ្សព្វផ្សាយ​ដល់​ទេសចរ និង​អ្នកវិនិយោគ​បារាំង ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​មក​កម្ពុជា​។​
​ក្នុង​សន្និសីទ​សហប្រតិបត្តិកា​រ​កម្ពុជា​-​បារាំង លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍ ត្រូវបាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង ដោយ​មាន​ការចូលរួម​ពី លោក ទ្រី ឈី​វ អគ្គនាយករង​ទេសចរណ៍ និង​ឯកឧត្តម Jean Claude Poimboeuf អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​, កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ទីក្រុង​លី​យ៉ុង និង​មាន​ការចូលរួម​ពី​អ្នកវិនិយោគ​បារាំង ក្នុង​វិស័យ​ទេសចរណ៍ និង​អាជ្ញាធរ​បារាំង​ប្រមាណ​ជាង​១០០​នាក់​។​
​លោក ទ្រី ឈី​វ តំណាង​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​អំពី​សក្តានុពល និង​ភាព​ទាក់ទាញ​ទេសចរ នៅ​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ និង​កាលានុវត្តភាព នៃ​ការវិនិយោគ ក្នុង​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា បារាំង​ជា​ទីផ្សារ ដ៏​មាន​សក្តានុពល សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ចំនួន​ទេសចរ​បារាំង​មក​មាន​ចំនួន​កាន់តែច្រើន ស្ថិតក្នុង​ចំណោម​ទីផ្សារ​ធំៗ ទាំង​១០ របស់​កម្ពុជា​ផង​ដែរ​។​
​ចំណែក​ការវិនិយោគ​របស់​បារាំង ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា រួមមាន ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ទី​ភ្នាក់ងារទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍​ជាច្រើន​ទៀត​។​
​សូម​រំឭកថា បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍ បាន​នឹង​កំពុង​យកចិត្តទុកដាក់ រៀបចំ​គោលនយោបាយ ទាក់ទាញ​ទេសចរ​បារាំង​ចូល​និវត្តន៍​មក​កម្ពុជា​៕ AKP​