Thursday, November 12, 2015

បង្ក្រាបជនល្មើស ​លួច​រថយន្ត​យ៉ាងសកម្ម

ក្រចេះ ៖ ក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅគគុក របស់​កងកម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត នគរបាល​បង្ក្រាបបាន​រថយន្ត​សេរី​ទំនើប ចំនួន ៦​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស ២​នាក់ ជា​មុខសញ្ញា​ពាក់ព័ន្ឋ​នឹង​អំពើចោរកម្ម​លួចឡាន ។ តាម​ការបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរង​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ក្រចេះ ឲ្យដឹង​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​
​ប្រតិ​ប​ត្ត​ការដ៏​ក្តៅគគុក ធ្វើឡើង​កក្រើក​ខេត្ត​ក្រចេះ របស់​កងកម្លាំង​នគរ​ខេត្តក្រចេះ សហការ​ជាមួយ​នគរបាល​ខេត្ត​កណ្តាល លើ​ប្រតិ​ប​ត្ត​បង្ក្រាប​ករណី​ចោរលួច​ឡាន​ផ្អើល ពេញ​ក្រុង​ក្រចេះ​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា នគរបាល​ប្រមូល​បាន​រថយន្ត​សេរី​ទំនើប​៦​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​បាន ២​នាក់ ជា​បន្តបន្ទាប់ ។​
​ស្នងការរង​កណ្តាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី បាន​បញ្ជាក់​ឲ្យដឹងថា រថយន្ត​ចំនួន ៦​គ្រឿង ដែល​បាន​បង្ក្រាប គឺ​សុទ្ឋសឹង​ជា​រថយន្ត​ដែល​ជន​ទាំង​ពីរ​នាក់​នេះ និង​បក្សពួក​បាន​ធ្វើ​សកម្មភាព​លួច​ពី​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ យកមក​លក់​បន្ត​នៅ​ខេត្ត​ក្រចេះ ។​
​លោក​ឧត្តមសេនីយ៍​ស្នងការ​រង បាន​បញ្ជាក់ទៀតថា បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល លើ​មុខសញ្ញា​ចោរកម្ម​ពាក់ព័ន្ឋ​និង​ការ​លួច រថយន្ត នគរបាល​ខេត្ត​ក្រចេះ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បាន​បើក​ប្រតិ​ប​ត្ត​ការកំណត់លើ​មុខសញ្ញា​ចាប់​បង្ក្រាប​បាន​ជា​បន្ត បន្ទាប់​។ ក្នុងនោះ​មាន​រថយន្ត​ចំនួន​៦​គ្រឿង គឺ​ត្រូវ​បាន​បង្ក្រាប​ជាមួយនឹង​មនុស្ស​ចំនួន ២​នាក់​ទៀត​ផង​។ រីឯ​បក្ខពួក​របស់​ជ​ន​នេះ មួយចំនួន​ដែល​កំពុងតែ​គេច​ខ្លួន​ត្រូវបាន​លោក ស្នងការរង​បានបញ្ជាក់​ថា នគរបាល​កំពុងតែ​តាម​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​ចាប់​បង្ក្រាប​ជា​បន្ត​ទៀត ។​
​នគរបាល​ក្រុង​ក្រចេះ បានបង្ហាញ​អត្ត​ស​ញ្ញណ​លើ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​មាន ១.​ឈ្មោះ​អ៊ុន អ៊ីយ៉ូ​រ៉ា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ទី​២. ឈ្មោះ អោ​ល វណ្ឌី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ តាម​ការឆ្លើយរ​បស់​ជនសង្ស័យ​ទាំង​ពីរ​នាក់ ថា​កន្លងមក​ពួកគេ​និង​បក្ខពួក​មួយចំនួន បានធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន​រាប់​សិប​គ្រឿង ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​យក មក​លក់​បន្ត​នៅតាម​បណ្តារ​ខេត្ត​ផ្សេងៗ​។​
​បន្ទាប់​ពី​មាន​ការចាប់​បង្ក្រាប ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​បក្ខពួក​ម្នាក់​ទៀត​ដែល ត្រូវបាន​ចាប់​បង្ក្រាបបាន​នៅ​រាជធានី​ភ្នំពេញ រួម​ទាំង​រថយន្ត​ដែល​បង្ក្រាប​បាន​មាន​ចំនួន ៦​គ្រឿង ត្រូវបាន​ធ្វើ​ពិធី​ធ​ប្រគល់​រវាង​ឲ្យទៅ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តកណ្តាល​ដើម្បី​យក ទៅ​ចាត់ចែង​តាម​និតិ​វិធី​បន្ត ។​
​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ឧត្តសេនីយ៍ លន់ សុផាត បាន​អំពាវនាវ​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើរ​លួច​រថយន្ត សូម​ទៅ​ពិនិត្យ​លើ​ភិនភាគ​រថយន្ត របស់​ខ្លួន​ដែល​បាត់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ៕