Thursday, November 12, 2015

ប្រជាពលរដ្ឋ​អាច​បោះឆ្នោត នៅកន្លែងដែល​ខ្លួន​កំពុង​ធ្វើ​ការងារ​ ក្នុងអាណត្តិក្រោយ

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍ថា សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប អាចមាន​លទ្ធភាព​ទៅ​បោះឆ្នោត​នៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​កំពុង​ធ្វើ​ការងារ ដោយ​មិនបាច់​ធ្វើដំណើរ​នៅតាម​ស្រុក នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ចូលរួម​បោះឆ្នោត​។ សម្តេច​ក្រឡាហោម ស ខេង​ប្រសាសន៍​ដូច្នេះ ដោយ​បញ្ជាក់​ថា​នេះ គឺ​ស្រប​តាម​ច្បាប់​បោះឆ្នោត ដែល​គេ​ទើបបាន​ធ្វើ​ការកែទម្រង់​ថ្មី​។​
​ថ្លែង​នៅក្នុង​ពិធី​ធ្វើ​បទ​បាឋកថា កែទម្រង់​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន កែ​ទម្រង់​ការ​បោះឆ្នោត និង​សភាពការណ៍​សន្តិសុខ នៅក្រោយ​ការបោះឆ្នោត នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ការប្រកាស​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ បាន​បោះឆ្នោត​នៅ​នឹង​មូលដ្ឋាន កន្លែង​ធ្វើ​ការងារ​នោះ បាន​ធ្វើឡើង សម្រាប់​តែ​ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​។​
​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្ត​ថា ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦ ខាងមុខនេះ ជា​រួម​គឺ​ជួយ​សម្រួល​ដល់​កម្មករ​កម្មការិនី អ្នក​មាន​ការងារ​រក​ស៊ី​ធ្វើ​អាជីវកម្ម​នានា លើ​ការចំណាយ​ពេលវេលា និង​ថវិកា ធ្វើដំណើរ​ទៅ​បោះឆ្នោត នៅតាម​បណ្តា​ខេត្ត ពោល​គឺ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិក​ធ្វើ​ការងារ​នៅក្នុង​រោងចក្រ​ណា គឺ​ត្រូវ​ទៅ​បោះឆ្នោត​នៅក្នុង​មូលដ្ឋាន​នោះ​។​
​ក្នុង​ឱកាស​ធ្វើ​បទ​បាឋកថា​នោះដែរ សម្តេច ក្រឡា​ហោម ក៏​បាន​បញ្ជាក់ថា នៅ​អាណត្តិ​ការបោះឆ្នោត​ខាងមុខនេះ នៅតាម​ការិយាល័យ​បោះឆ្នោត​នី​មួយៗ គឺ​ត្រូវបាន​បង្កើន​ចំនួន​អ្នក​ចូល​ទៅ​បោះឆ្នោត រហូត​៧៥០​នាក់ ក្នុង​មួយ​ការិយាល័យ ខណៈ​ការបោះឆ្នោត​ក្នុង​អាណត្តិ​កន្លងមក គឺ​ក្នុង​មួយ​ការិយាល័យ មាន​ចំនួន​អ្នក​ចូល​បោះឆ្នោត​មាន​ត្រឹម ៧០០​នាក់​ប៉ុណ្ណោះ​។​
​ទន្ទឹម​នឹង​ការបោះឆ្នោត នៅ​អាណត្តិ​ក្រោយ​នេះ​ដែរ កន្លង​មក​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ និង​អ្នកមាន​អត្តសញ្ញាណប័ណ្ណ គំរូ​ចាស់ ត្រូវ​ទៅ​ធ្វើ​អត្តសញាណប័ណ្ណ គំរូ​ថ្មី​នេះ​ទាំងអស់គ្នា ដើម្បី​យក​ទៅ​ប្រើប្រាស់​បម្រើឲ្យ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ផង និង​សម្រាប់​ចូលរួម​បោះឆ្នោត​ផង​។​
​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្វី​បើ​ការធ្វើ​អត្ត​សញ្ញាប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​នេះ ការ​ចែកចាយ​មាន​ភាពយឺតយ៉ាវ​ក៏ពិតមែន តែ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ ជូន​ប្រជាពលរដ្ឋ​ឲ្យអស់​នៅក្នុង​២០១៧ នឹង​បន្តធ្វើ​រហូតដល់​ឆ្នាំ​២០១៨៕