Tuesday, November 17, 2015

ឃាត់ខ្លួនជនសង្ស័យជួញដូរ​គ្រឿងញៀន ៣​នាក់

​ត្បូងឃ្មុំ​៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត ប្រចាំ​ស្រុក​មេមត់ ចុះ​ល្បាត​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្លូវលំ ចូល​តាម​ហាង​ឥន្ទ្រី​ធំ ស្ថិតនៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ បាន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ២​នាក់ កាលពី​វេលា​ម៉ោង​២៣:៥០​នាទី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។
​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ ទាំង​២​នាក់ មាន​ទី​១-​ឈ្មោះ អោប ឧត្តម ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​២-​ឈ្មោះ អោម គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ។ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន នៅ​ខ្លួន​ឈ្មោះ អោម គា ចំនួន ៨​កញ្ចប់​តូច បាន​ធ្វើ​ការដកហូត​និង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។​
​តាម​ចម្លើយ​របស់​ឈ្មោះ អោម គា និង​ដោយ​មាន​ការឯកភាពរ​បស់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨:៤០​នាទី សមត្ថកិច្ច​បាន​បន្ត​ឆែកឆេ​ផ្ទះ ឈ្មោះ អាវ ប្រុស ហៅ ទិន (​មុខសញ្ញា​ចេញពី​ពន្ធនាគារ ករណី​ជួញដូរ​គ្រឿងញៀន​) ស្នាក់នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕