ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជា្ញធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានថ្លែងថា បច្ចុប្បន្នគ្រឿងញៀន ហាក់មានការរាលដាល នៅតាមទីជនបទ ពិសេសតំបន់ភាគឦសាន ។ ដូចនេះអាជា្ញធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែមានការរឹតបន្តឹង ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ ឲ្យល្អប្រសើរ ដើម្បីបញ្ចៀសបញ្ហាគ្រឿងញៀនកើតឡើង នៅក្នុងមូលដ្ឋាន ។ការថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរួមមួយ ស្តីពីអាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៥ ។
ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា នៅកម្ពុជា រយៈពេល៩ខែ ២០១៥នេះ សមត្ថកិច្ចចាប់បានជនសង្ស័យ ៤៧៧០នាក់ ក្នុងនោះ ស្រី ៦២៣នាក់ ប៉ុន្តែបើប្រៀបធៀបទៅនឹងរយះពេលដូចគ្នា កាលពីឆ្នាំ២០១៤ ឃើញថា កើនឡើង១៣០,៩៩ភាគរយ ក្នុងនោះសមត្ថកិច្ច បានរឹបអូស វត្ថុតាងគ្រឿងញៀន ចំនួន១៦១០គីឡូក្រាម ក្នុងនោះមាន មានមេតំហ្វេតាមីន ICE , WY ,អ៊ិចស្តាស៊ី , ហេរ៉ូអ៊ីន , កូកាអ៊ីន , កេតាមីន , និងកញ្ឆាក្រៀម ។
យោងទៅតាម របាយការណ៍របស់អាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា មួយរយៈ ចុងក្រោយនេះ សមត្ថកិច្ចបានបណ្តុះបណ្តាល សមត្ថភាព មន្ត្រីអនុវត្តន៍ច្បាប់គ្រប់ប្រភេទ ទាំងក្នុង និងក្រៅប្រទេស បានចំនួន ៤៤៥២នាក់ ក្នុងនោះ បណ្តុះបណ្តាលដោយ មន្ទីប្រឆាំងគ្រឿងញៀន នៅតាមរាជធានី ខេត្ត ចំនួន ១៥០០នាក់ ។ ក្រៅពីនោះ សមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ២១៧២ករណី លើ៨៧៦ករណី តែបើប្រៀបធៀបនឹងឆ្នាំ ២០១៤ ឃើញថា កើនឡើង ១៤៧,៩៤% ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា នឹងបន្តពង្រឹង យន្តការនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី ត្រីភាគី ជាមួយប្រទេសថៃ ឡាវ និងវៀតណាម ទទួលបានលទ្ធផល ល្អប្រសើរ ពិសេស ជាមួយប្រទេសឡាវ ដែលបានសហការល្អជាងឆ្នាំមុន ពោលធ្វើឲ្យកិច្ចសហប្រតិបត្តិ បង្ក្រាបបទល្មើស បានចំក្រុមមេខ្លោងធំៗ មួយចំនួន ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនោះក៏បានប្រកាសតែងតាំង មុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន របស់អាជា្ញធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារបច្ចុប្បន្ន ផងដែរ ៕