Tuesday, November 17, 2015

ឃាត់ខ្លួន​មន្ត្រី​យោធា ដែល​សម្លាប់​ប្រពន្ធ ​ដុត​ក្នុង​ពាង​

ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន នៅ​ខេត្ត​ព្រះសីហនុ​បន្ទាប់ពី​គេចខ្លួន​ពីរ​ថ្ងៃ ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ប្រពន្ធ​យក​សព​ដុតចោល​ក្នុង​ពាង នៅ​ខណ្ឌ​សែន​សុខ ។
​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា មន្ត្រី​យោធា​រូប​នេះ​ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ  ចំណែក​ប្រពន្ធ​ឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អ្នក​គក់​ជេ​ដី ។​
​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្ទះ​លេខ​២៤៧ ផ្លូវលំ ភូមិ​ប៉ា​យាប ក្រុម​១១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​ពាក់ព័ន្ធ​ករណី​នេះ លោកស្រី លី សុខ​ហេង អាយុ​៥១​ឆ្នាំ ជា​អ្នក​រស់នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​បានឲ្យដឹង ថា ឈ្មោះ សុង ទូច និង​ប្រពន្ធ​តែងតែ​មាន​ការឈ្លោះប្រកែក​គ្នា​នៅក្នុង​គ្រួសារ​ដោយសារតែ​ឈ្មោះ  សុង ទូច ប្រច័ណ្ឌ​ជាមួយនឹង​ប្រពន្ធ​របស់​គាត់​ដោយ​មិនសូវ​លស់​ពេល​ក្នុង​ថ្ងៃ​ណា​ឡើយ ។​
​សាក្សី​បន្ថែមថា នៅ​យប់កើតហេតុ​វេលា​ម៉ោង​ប្រមាណ​២៣:៣០​នាទី ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​ក្នុង​ផ្ទះ ។ ប៉ុន្តែ​អ្នក​ជិតខាង​មិនបាន​ធ្វើ​អន្តរាគមន៍​ទេ​ពីព្រោះ​ពួកគេ​គិត​ថា​ប្ដី​ប្រពន្ធ​នេះ​តែងតែ ឈ្លោះ​គ្នា​បែបនេះ​។ ប៉ុន្តែ​មួយ​ម៉ោង​ក្រោយមក គេ​បាន​ឃើញ​ឈ្មោះ សុង ទូច ចាកចេញ​ពី​ផ្ទះ​។ មុនពេល​ចាកចេញ​ពី​ផ្ទះ ឈ្មោះ សុង ទូច បាន​និយាយប្រាប់​អ្នកជិតខាង​ថា បាន​សម្លាប់​ប្រពន្ធ​ហើយ តែ​អ្នក​ជិតខាង​មិន​ជឿ​នោះទេ ដោយ​គិត​ថា ឈ្មោះ សុង ទូច និយាយ​លេង ។ លុះ​ព្រឹក​ឡើង ក៏​ឃើញ​សព​ស្ត្រី​រងគ្រោះ ត្រូវគេ​សម្លាប់ ហើយ​ដុត​ក្នុង​ពាង​ធំ​ដោយ​នៅសល់តែ​ឆ្អឹង​ប៉ុន្មាន​បំណែក​ប៉ុណ្ណោះ ។​
​ទោះបីយ៉ាងណា ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ករណី​នេះ​ថា បណ្តាល​មកពី​ភ្លើង​ប្រច័ណ្ឌ ។ រហូតមក​ទល់​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​កំពុង​សាកសួរ​ចម្លើយ​ជនសង្ស័យ នៅឡើយ ដោយ​ពុំ​ទាន់​អាច​បញ្ជាក់បាន​ថា ជនសង្ស័យ បាន​សារភាព​យ៉ាងណា​នោះ​ទេ ៕​