ភ្នំពេញ ៖ ម៉ូតូសេ១២៥ មួយគ្រឿង សេរីឆ្នាំ២០១៤ ត្រូវជនសង្ស័យមួយក្រុម មានបក្ខពួក៦នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ចំនួន ២ដើម ភ្ជង់ប្លន់ពីជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្ថិភាព ។
ក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងភ្ជង់ប្លន់ម៉ូតូ ពីជនរងគ្រោះ កើតឡើង កាលពីវេលាម៉ោង ៥:៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះនៅក្នុងអំពើប្លន់នេះឈ្មោះ ណាត់ សុភស្ភ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចេញពីផ្ទះនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដោយជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI.0692 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងគោលបំណងទៅធ្វើការនៅរោងចក្រ នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ លុះមកដល់ចំណុចមុខហ្គ្រេនភ្នំពេញ ស្រាប់តែក្រុមជនសង្ស័យ មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ២ដើម បានជិះមកកៀរម៉ូតូរបស់គាត់ ព្រមទាំងដកកាំភ្លើងភ្ជង់ ធ្វើឲ្យរូបគាត់មានការភិតភ័យយ៉ាងខ្លាំង ។ ដោយភាពភ័យខ្លាចខ្លាំងពេក រូបគាត់ក៏បានបង្ខំចិត្តប្រគល់ម៉ូតូទៅឲ្យក្រុមចោរទាំងនោះ ម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព ។
ជនរងគ្រោះប្រាប់បន្តឲ្យដឹងទៀតថា ក្រុមជនល្មើសមានបក្ខពួក ៦នាក់ ជិះម៉ូតូ ៣គ្រឿង ដោយ ១គ្រឿង ម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម មិនចាំស្លាកលេខ ទី២ ម៉ាក PULSA និង ១គ្រឿងទៀត ម៉ាក សេ១២៥ ប៉ុន្តែម៉ូតូទាំង ៣គ្រឿង របស់ក្រុមជនសង្ស័យនោះ គឺរូបគាត់ មិនចាំស្លាកលេខនោះទេ ពីព្រោះពេលនោះ រូបគាត់គិតតែធ្វើយ៉ាងណា ដើម្បីឲ្យផុតពីសេចក្តីស្លាប់តែប៉ុណ្ណោះ ។
ជនរងគ្រោះប្រាប់បន្តថា ក្រោយពីកើតហេតុ រូបគាត់បានប្រញាប់ប្រញាល់មកដាក់ពាក្យបណ្តឹង នៅទីស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីជួយអន្តរាគមន៍តាមស្វែងរកក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕