Tuesday, November 17, 2015

បញ្ជូនខ្លួន​សង្ឃ​ក្លែងក្លាយ ៥​អង្គ​ ទៅ​តុលាការ​

កណ្តាល ៖ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​មន្ត្រី​សាលា​អនុគុណ​ខេត្ត ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​ចំនួន ៥​អង្គ ពេល​កំពុង​និមន្ត​បិណ្ឌ​បាត្រ កាលពី​វេលា​ម៉ោង ១០:១០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បញ្ជូន​ទៅ​សាលា​អនុគុណ​ធ្វើ​ពិធី​ដោះ​ស្បង់​ចីវរ​ចេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ។​
​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បានឲ្យដឹងថា សង្ឃ​ក្លែងក្លាយ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ទី​១-​ឈ្មោះ លី ឆែ​ឡាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្ម ឃុំ​ត្រពាំង​ស្រែក ស្រុក​មេសាង ខេត្ត​ព្រៃវែង ទី​២-​ឈ្មោះ រី ស៊ឺត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​៣-​ឈ្មោះ សម្បត្តិ ខេមរា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៤-​ឈ្មោះ ព្រាប ប្រុស​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៥-​ឈ្មោះ ឡុង សាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រះ​លើ ឃុំ​ពពែ​ល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​ខាងលើនេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន បាត្រ​លោក​ចំនួន ៥, ឆ័​ត្រតូច​ចំនួន ៥ ,​ស្បង់​ចីវរ​ចំនួន ៥​កំ​ផ្លេ ,​សំពត់​ងូត​ចំនួន ៥ ,​ថង់យាម​ចំនួន ៥,​សំបុត្រ​បុណ្យ​កឋិនទាន​វត្ត​គិរីវង្ស​ចំនួន ១២​សន្លឹក ,​ប្រាក់​ដុល្លារ​ចំនួន ១០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ១៨៧.៧០០​រៀល​ផង​ដែរ ។​
​ប្រភព​ដដែល​បន្តថា នៅវេលា​ម៉ោ​ប្រមាណ​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ​ថា មាន​ការសង្ស័យ​ទៅលើ​ព្រះសង្ឃ​ចំនួន​៥​អង្គ​និមន្ត​បិណ្ឌ​បាត្រ​តម្រូវឲ្យ​ប្រជាពលរដ្ឋ​ដាក់បាត្រ ក្នុង​ម្នាក់ៗ​៤​ម៉ឺន​រៀល ដើម្បី​យក​បច្ច័យ​ទៅ​ទិញ​ត្រៃយ៍​ធ្វើបុណ្យ​កឋិនទាន​នៅវត្ត​ក្រពើ​ហារ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​រួចមក សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​សហការ​ជាមួយ​មន្ត្រី​សង្ឃ​ក្នុង​សាលា​អនុគុណ​ខេត្ត ចុះ​ទៅ​និមន្ត​ព្រះសង្ឃ​ចំនួន ៥​អង្គ​ទៅកាន់​សាលា​អនុគុណ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហារ ។ ក្រោយ​ពី​និមន្ត​ទៅកាន់​សាលា​អនុគុណ​ដឹងថា ជា​សង្ឃ​ក្លែងក្លាយ ព្រះ​ឃោស​ធម្ម ញ៉ែម សុភក្ត្រ័ ជា​ព្រះ​អនុគុណ​ខេត្តកណ្តាល និង​មន្ត្រី​សង្ឃ​ក្នុង​សាលា​គុណ ព្រមទាំង​ប្រធាន​ការិយាល័យ​ធម្មការ​ក្រុង​តាខ្មៅ បាន​សម្រេច​ធ្វើ​ពិធី​ដោះ​ស្បង់​ចីវរ​ចេញ​ពី​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ ទើប​ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល​ក្រុង​តាខ្មៅ​ចាត់ការ​តាមច្បាប់ ៕