ភ្នំពេញ ៖ នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រយៈពេល១០ខែ ឆ្នាំ២០១៥»ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ក្រោមចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំង ឯកឧត្ដមអគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តមអគ្គស្នងការនគរបាលជាតិ លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ បានឲ្យដឹងថា ចំពោះលទ្ធផល ១០ខែ ចុងក្រោយគិតពីខែមករា ដល់ខែតុលា ឆ្នាំ២០១៥ ផ្តល់បានចំនួន ២.៨២៨.៥៣២សន្លឹក។ តាមសន្ទស្សន៍ប្រមូលទិន្នន័យរយៈពេល ៣ខែចុងក្រោយឃើញថា មានការកើនឡើងគិតជាមធ្យមចាប់ពី២៣៣.៦៥៨នាក់ ក្នុង១ខែ (៧ខែមុន) កើនដល់ទៅ៣៩៧.៦៤០នាក់ ក្នុង១ខែ (៣ខែចុងក្រោយ) បន្ទាប់ពីបន្ថែមថវិកាឧបត្ថម្ភដល់ប្រតិបត្តិការ។
ឯកឧត្តមប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ បានឲ្យដឹងទៀតថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ត្រូវបានដំណើរការជា៣ជំហាន៖ ជំហានទី១.ផែនការផ្តល់ ២.២លានសន្លឹក ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០១២ ដល់ខែមីនា ឆ្នាំ២០១៤ ផ្តល់បានចំនួន ២.២លានសន្លឹកតាមផែនការ, ជំហានទី២.ផែនការផ្តល់ ៥លានសន្លឹក ចាប់អនុវត្តពីខែមេសា ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០១៦ លើផែនការចំនួន ៥លានសន្លឹក ជាលទ្ធផលបានគិតត្រឹមខែកក្កដា ឆ្នាំ២០១៥ បានចំនួន ២.៩៧០.១៩៩សន្លឹក, ជំហានទី៣.ផ្តល់បានចំនួន ៥.៧៧៣.៩០២សន្លឹក ដែលក្នុងនោះមួយចំនួននៅសេសសល់ពីផែនការជំហានទី២។
ជាលទ្ធផលផ្តល់បានក្នុងផែនការជំហានទី៣ គិតត្រឹមខែសីហា ដល់ខែតុលា ឆ្នាំ២០១៥ បានចំនួន ១.១៩២.៩២២សន្លឹក។ ដូច្នេះការផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី ទាំង៣ជំហាន បានចំនួន ៦.៣៦៣.១២១សន្លឹក លើចំនួនប៉ាន់ស្មានប្រជាពលរដ្ឋ ដែលគ្រប់អាយុ ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ រហូតដល់ឆ្នាំ២០១៧ ចំនួនប្រមាណ ១០.៩៤៤.១០១នាក់ ៕