Tuesday, November 17, 2015

កម្ពុជា​ពង្រឹង​សន្តិសុខ ក្រោយ​អំពើ​ភេរវកម្ម

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​នៅតាម​រាជធានី​-​ខេត្ត ពង្រឹង​ការការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគ និង​បណ្ដា​ស្ថានទូត​នានា ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ក្រោយពេល​ដែល​កើតមាន​អំពើ​ភេរវកម្ម​ស្លាប់​មនុស្ស​រាប់រយ​នាក់ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ពេល​ថ្មីៗ​នេះ​។​
​    ​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្តិ​ជូន​នាយ​នគរបាល​ជាន់ខ្ពស់ នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កងកម្លាំង​នគរបាល​ត្រូវបាន​ពង្រាយ ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ក្រោយពី​កើតមាន​អំពើ​ភេរវកម្ម​ពិភពលោក ជាពិសេស​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​
​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍​ទៀតថា ការពង្រឹង និង​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​នា​ពេល​នេះ ក៏​ចំ​ពេល​ដែល​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ជាមួយ​និង​ប្រទេស​ជប៉ុន ។ ម្យ៉ាងវិញទៀត​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ទៀត នឹង​មាន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។ ជាពិសេស​ទៅទៀត កម្ពុជា​នឹង​ទទួល​ដំណើរ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដែល​នេះ​ចាត់ទុកថា​ជា​លើកទីមួយ ដែល​ឯកឧត្តម នាយករដ្ឋមន្ត្រី អញ្ជើញ​មក ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ ដែល​កងកម្លាំង​ត្រូវ​ប្រមូលផ្តុំ​ចំណុច​ខ្ពស់ ដើម្បី​ធ្វើ​កិច្ច​ការងារ​ការពារ ៕