Wednesday, November 18, 2015

ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​កើនឡើង ក្រោយពី​អាមេរិកផ្តល់​ប្រាក់ ២៥៩​លាន​ដុល្លារ ឲ្យទៅ​ប្រទេស​មានជម្លោះ​ និងចិន​

​កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា នៅក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក APEC នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​, លោក​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ២៥៩​លាន​ដុល្លារ ឲ្យទៅ​ប្រទេស​៤ ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ការសន្យា​នេះ បាន​ធ្វើឲ្យ​ប្រទេស​ចិន អាក់​អត់​ស្រពន់ចិត្ត ដោយសារ​តែ​ទង្វើ របស់​លោក​ប្រធានាធិបតី​អាមេរិក គឺ​ជា​ទង្វើ​ញុះញង់ ឲ្យមាន​ភាព​តានតឹង​សារជាថ្មី ជុំវិញ​អរិភាព​ជម្លោះ​ដណ្តើមយក​ប្រជុំ​កោះ ស្ប្រាត​លី (Spratlys) ។​
​សម្រាប់​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ទឹកប្រាក់​ជំនួយ​របស់​អាមេរិក នឹង​ត្រូវ​ប្រើ​ជាប្រ យោ​ជន៍ សម្រាប់​ពង្រឹង​សន្តិសុខ​របស់​ប្រទេស​សម្ព័ន្ធមិត្ត របស់​អាមេរិក នៅ​អាស៊ី ប៉ុន្តែ​ទឹកប្រាក់​ទាំងនេះ អាមេរិកឲ្យ​តែ​ប្រទេស ដែល​មាន​ជម្លោះ​ជាមួយ​ចិន ដែល​នេះ​ជា​ចំណុច​ដែល​ចិន​ខឹងសម្បារ និង​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ញុះញង់ ។​
​នៅ​ហ្វីលីពីន ប្រធានាធិបតី​អាមេរិក លោ ក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ទៅ​ចូលរួម​នៅក្នុង​វេទិកា នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​សម្រាប់​អាស៊ី​-​ប៉ាស៊ីហ្វិក ឬ​ជំនួប​កំពូល​អា​ប៉ិច APEC ដែល​ត្រូវ​ចាប់​បើកទ្វារ នៅ​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ។​
​ប៉ុន្តែ​លោក​ប្រធានាធិបតី ដែល​បាន​ទៅដល់​ហ្វីលីពីន មួយ​ថ្ងៃ​មុន​ជំនួប​អា​ប៉ិច បាន​ឆ្លៀត​ទៅធ្វើ​ទស្សនកិច្ច​នៅ​លើ​នាវាចម្បាំង​ហ្វីលីពីន ដែល​នៅ​ទីនោះ លោក​ប្រកាស​ផ្តល់​ជំនួយ​អាមេរិក ប្រមាណ ២៥៩​លាន​ដុល្លារ សម្រាប់​ជួយ​គាំទ្រ ពង្រឹង​ផ្នែក​សន្តិសុខ របស់​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និង​ម៉ាឡេស៊ី ។
​ទឹកប្រាក់​ប្រមាណ ១១៩​លាន​ដុល្លារ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ទាំងនោះ នៅក្នុង​ឆ្នាំនេះ ចំណែក​ទឹកប្រាក់ ១៤០​លាន​ដុល្លារ ដែល​នៅសល់​នឹង​ត្រូវ​បញ្ជូន​ក្នុង​រយៈពេល ១២​ខែ​ទៅ​មុខ ដែល​នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន ។​
​ហ្វីលីពីន​ដែលជា​អតីត​ប្រទេស ស្ថិតនៅក្រោម​អាណានិគម​របស់​អាមេរិក និង​ដែល​កំពុង​ប្រឈម​មុខ​ខ្លាំងជាងគេ ជាមួយ​ចិន នឹង​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ច្រើនជាងគេ​។ “​អស់​រយៈពេល ៧០​ឆ្នាំ​មកហើយ អាមេរិក​បាន​ចូលរួម​ធានា​រក្សា​សន្តិសុខ នៅក្នុង​តំបន់​អាស៊ី​។ ទៅតាម​សន្ធិសញ្ញា​អាមេរិក មាន​កាតព្វកិច្ច​ការពា​រ​សម្ព័ន្ធមិត្ត​ហ្វីលីពីន ដែល​អាច​ពឹងពាក់​អាមេរិក​បាន​គ្រប់ពេលវេលា​” នេះ​ជា​ប្រសាសន៍​របស់​លោក បា​រ៉ាក់ អូ​បា​ម៉ា​។​
​សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អាស៊ី ដែល​កំពុង​ជាប់​ជម្លោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​រិះគន់​ការងារ​សាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​។ សម្រាប់​អាមេរិក និង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ បាន​យល់ថា សកម្មភាព​របស់​ចិន កំពុង​រំលោភ​ដែនទឹក​របស់​ប្រទេស​ជិតខាង  និង​គំរាមកំហែង​ដល់​សេរីភាព ក្នុងការ​ធ្វើ​ចរាចរណ៍​ពាណិជ្ជកម្ម ក្នុង​ដែនទឹក​អន្តរជាតិ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​វិញ បាន​រុញ​ច្រាន​ចោល​ការចោទប្រកាន់​របស់​អាមេរិក និង​ហ្វីលីពីន និង​បាន​ការពារ​យុទ្ធសាស្ត្រ​របស់​ខ្លួន  ដែល​បើ​តាម​ចិន គឺ​នឹង​ជួយ​ធានា​រក្សា​លំនឹង​នយោបាយ​ការបរទេស​របស់​ខ្លួន ទៅ​អាស៊ី​ប៉ាស៊ីហ្វិក ។​
​សូម​រំឭក​ជូន​បន្តិច​ថា ពាក់ព័ន​ទៅនឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដែរ កាល​ពី​អង្គារ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ជាតិ​អាស៊ាន​ទាំង ១០​ប្រទេស ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ការចួលរួម​ពី រដ្ឋមន្ត្រី​ការពារជាតិ​មកពី​ប្រទេស ជា​សមាជិក​អាស៊ាន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ចិន ។​
​នៅក្នុង​កិច្ចប្រជុំ​នេះ គេ​សង្កេត​ឃើញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក អា​ស្តុន កាទ័រ  និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ចាង វ៉ាន​កាន បាន​ចង្អុលមុខ​គ្នា​ចំៗ និង​ព្រមាន​គ្នា​ទៅវិញទៅមក​ផងដែរ ទាក់​ទៅនឹង​ជម្លោះ​ដណ្តើមយក​ប្រជុំ​កោះ​ស្ប្រាត​លី (Spratleys) រវាង​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​
​លោក កាទ័រ និង​លោក វ៉ាន​កាន បាន​ឆ្លៀត​បើក​ជំនួប​មួយ​ទល់​មួយ ដោយ​បាន​និយាយ​ច្រើន​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​មាន​ជម្លោះ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ដូច​យ៉ាង​វៀតណាម ឬ​ហ្វីលីពីន​។ នា​ឱកាស​នោះ លោក កាទ័រ បាន​ឆ្លៀត​ព្រមាន​លោក វ៉ាន​កាន ពី​សិទ្ធិ​របស់​អាមេរិក​ក្នុង​ការបន្ត​បេសកកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក អា​ស្តុន កាទ័រ  និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ចាង វ៉ាន​កាន  បាន​ជួប​ពិភាក្សា​គ្នា​ដាច់ដោយឡែក ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ហើយ​លោក អា​ស្តុន កាទ័រ បាន​ព្រមាន​សម​ភាគី​ចិន ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ដោយ​សំអាង​លើ​ច្បាប់​អន្តរជាតិ​។ ច្បាប់​អន្តរជាតិ​ដែល​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក អា​ស្តុន កាទ័រ បានបញ្ជាក់​ថា មិនមែនជា​ច្បាប់​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​ប្រទេស​ណាមួយ​ទេ តែ​ជា​ច្បាប់​សាកល​ដែល​ប្រទេស​ទាំងអស់ ក្នុង​លោក​ត្រូវតែ​គោរព​។ ត្រង់​ចំណុច​នេះ លោក​កាទ័រ​ចង់​និយាយ​ប្រាប់​ចិនថា មាន​តំបន់​ខ្លះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​តែម្នាក់ឯង​របស់​ចិន​ទេ តែ​ជា​តំបន់​សមុទ្រ​អន្តរជាតិ​ដែល​ជា​កម្ម សិទ្ធិ​របស់​ទាំងអស់គ្នា និង​ដែល​ទាំងអស់គ្នា​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដែល ច្បាប់​អន្តរជាតិ​បានអនុញ្ញាត​។​
​លោក កាទ័រ បាន​ព្រមាន​សម​ភាគី​ចិន លោក វ៉ាន​កាន ចំៗ​ថា អាមេរិក​នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង នៅពេល​ណា​ក៏​បាន និង​នៅ​កន្លែង​ណា​ក៏បាន​។ ប្រតិកម្ម​ខ្លាំងៗ​របស់​អាមេរិក​ពេលនេះ​បាន​ធ្វើឡើង បន្ទាប់​ពី​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ក្បែរ​ទីប្រជុំ​កោះ​សិប្បនិម្មិត ដែល​ចិន​បាន​សាងសង់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ជា​ចម្លើយ​តប​វិញ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ចាង វ៉ាន​កាន បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត ពី​ជំហរ​មិន​ប្រែប្រួល​របស់​ចិន ដែល​ថា​ទីប្រជុំ​កោះមាន​ជម្លោះ​សព្វថ្ងៃ ជា​កម្មសិទ្ធិ​របស់​ចិន ព្រមទាំង​បាន​សម្តែង​ក្តីមិនសប្បាយចិត្ត ជា​ថ្មី​ចំពោះ​ការ​ដែល​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។​
​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទាក់ទង​នឹង​ទីប្រជុំ​កោះ Spratleys និង​Paracels គឺ​ជា​ជម្លោះ​រវាង​ចិន និង​ប្រទេស​អាស៊ី​ក្នុង​តំបន់​ចំនួន​៤ ដែល​ជា​សមាជិក​អាស៊ាន គឺ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​ហ្វីលីពីន ហើយ​ប្រទេស​អាស៊ី​ទាំង​៤​នេះ ជា​សម្ព័ន្ធមិត្ត​របស់​អា​មេរិក​។ ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ទេ ដែល​អាមេរិក​ត្រូវតែ​លូកដៃ​ចូល​ជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​អាមេរិក ហាក់ដូចជា​បាន​លូក​ដៃ​កាន់តែ​ជ្រៅ ព្រមទាំង​បាន​បង្ហាញ​សាច់ដុំ​ដាក់​ចិន​កាន់តែខ្លាំង​ផងដែរ ។​
​អាច​មាន​ហេតុផល​សំខាន់​ពីរ ដែល​អាមេរិក​មិន​អាច​បន្ត​ឱបដៃ មើល​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន ទី​១-​អាមេរិក​ចង់​ដណ្តើម​ឥទ្ធិពល​នៅក្នុង​តំបន់​ដែល​ចិន កំពុង​សោយរាជ្យ និង​ទី​២-​អាមេរិក និង​ប្រទេស​ពាក់ព័ន្ធ​បារម្ភ​ខ្លាច​ចិន ប្រើ​កម្លាំង​ចូល​កាន់កាប់​តំបន់​មួយ ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​ផ្លូវ​សមុទ្រ​អន្តរជាតិ​ដ៏​សំខាន់​។ កន្លងមក ចិន​ធ្លាប់បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការដោះស្រាយ​ជម្លោះ ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ជា​លក្ខណៈ​ទ្វេភាគី​។ តែ​ប្រទេស​ទាំងនោះ​មិន​ព្រម​ដោយ​សំអាង​ថា ខ្លួន​បាន​ចាញ់​ប្រៀប​មហា​យក្ស​ចិន​រួច​បាត់​ទៅ​ហើយ ៕