កណ្តាល ៖ ស្នាមមេដៃប្រជាពលរដ្ឋ៥៧៩នាក់ តំណាងឲ្យប្រជាពលរដ្ឋ២ពាន់គ្រួសារ មកពីស្រុកកោះធំ និងស្រុកលើកដែក បានដាក់ពាក្យបណ្តឹងមួយច្បាប់ ចូលសាលាខេត្តកណ្តាល គឺប្តឹងក្រុមសហគមន៍ធ្វើឡូតិ៍នេសាទ ដោយបានបញ្ជាក់ថា លោក ឃ្លាំង វណ្ណធុល ដែលជានាយខ័ណ្ឌរដ្ឋបាលជលផលកណ្តាល បានត្រូវរ៉ូវគ្នាជាមួយអតីតដង្ខៅឡូតិ៍ និងសហគមន៍មួយក្តាប់តូច ហើយបានបង្កើតឡូតិ៍នេសាទមិនស្របច្បាប់ឡើងវិញ ដែលជាការប្រឆាំងយ៉ាងពេញទី នៅអនុសាសន៍របស់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសកាត់រំសាយឡូតិ៍នេសាទចោលទាំងស្រុង នាពេលកន្លងមកនេះ។
ពួកគាត់បានបន្តថា កាលពីឆ្នាំកន្លងមក រហូតបច្ចុប្បន្ននេះ ត្រូវបានក្រុមសហគមន៍មួយក្តាប់តូចខាងលើនេះ បានដាក់របាំងធ្នួសរត់បឹងត្រង់ចំណុចសំខាន់ៗ រាប់ពាន់ម៉ែត្រ ហើយដាក់ធ្វើជា (យ៉) គឺស៊ងធំៗ ចាប់ត្រីតូចធំរាប់សិបតោនក្នុងមួយថ្ងៃៗ ហើយឡូតិ៍ដែលពួកគេបានបង្កើតឡើងនោះ គឺ១-ឡូតិ៍តម្បាញ លេខ៦-១១ ស្ថិតក្នុងស្រុកលើកដែក, ២-ឡូតិ៍ជ្រោយស្នោរ លេខ៩-១០ ស្ថិតក្នុងស្រុកកោះធំ។
ពួកគាត់បានសំណូមពរ យ៉ាងទទូចដល់លោកអភិបាលខេត្ត ក្រសួងកសិកម្ម នាយកដ្ឋានជលផល និងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ក្នុងករណីនេះផង ពួកគាត់មានសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំ ពិសេសនោះគឺ សម្តេចតេជោ ហ៊ុន សែន ៕