Thursday, November 12, 2015

រថយន្ត​កុងតឺន័រ បើក​បុក​រថយន្ត​ដឹក​ឥដ្ឋ

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បាក់ជើង ខណៈ​ដែល​កំពង់​បើកប​រ ហើយ​ក៏​ទៅ​បុក​រថយន្ត​ដឹក​ឥដ្ឋ​ពីក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ផ្នែក​ខាង​មុខ​យ៉ាងដំណំ សង្ស័យ​អ្នកបើកបរ​ងងុយដេក​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​១២​នាទី ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្លោងទ្វារ​ចូល​វត្ត​សំរោង​អណ្តែត ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិតក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​បុរសរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហម គឹមហុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រងរបួស​បាក់ជើង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​មាន ឈ្មោះ សៀក ប៊ុនលី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ ស្នាក់​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ដឹក​ឥដ្ឋ ១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6517 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​កុងតឺន័រ ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ កំពង់ធំ 3A-1587 ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្របគ្នា ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដឹក​ឥដ្ឋ​ពីក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​បាក់ជើង ហើយ​ត្រូវបាន​គេ​ជួយ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ស្ទើរតែ​ទាំងស្រុង​។ ដោយឡែក​ភាគី​ខាង​រថយន្ត​ដឹក​ឥដ្ឋ មិនមាន​អ្នក​រងរបួស​ទេ​។
​ក្រោយ​កើតហេតុ គេ​ឃើញ​មាន​នគរបាល​ចរាចរណ៍ខ​ណ្ឌ​សែន​សុខ ចុះមក​ធ្វើ​ការវាស់វែង ប៉ុន្តែ​ដោយ​មាន​ដំណាង​ខាង​រថយន្ត​បង្ក ចេញមុខ​មក​ដោះស្រាយ ដោយ​ព្រម​យក​រថយន្ត​ទៅ​ជួសជុល និង​ព្យាបាល​អ្នករបួស​បាក់ជើង ដោយ​ខ្លួនឯង ដោយ​ពុំ​មាន​ការ​ប្តឹងផ្តល់​អ្វី​ទេ​៕