ភ្នំពេញ ៖ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅខុសច្បាប់ របស់ជនជាតិវៀតណាម នៅចំណុចឃ្លាំងឈើធំៗចំនួន ២ទីតាំង ស្ថិតតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ជាប់នឹងតាមប្រលាយលូទឹកស្អុយ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤:២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយការឆែកឆេរទីតាំង ទាំង២ខាងលើរួចមក សមត្ថកិច្ចបានរកឃើញ ជនជាតិវៀតណាមខុសច្បាប់ ១៥នាក់ ស្រី ៥នាក់ ដែលអ្នកខ្លះមានតែលិខិតឆ្លងដែន ជាលក្ខណៈទេសចរណ៍ ប៉ុន្តែគ្មានលិខិតការងារត្រឹមត្រូវ ចំណែកអ្នកខ្លះទៀត គឺគ្មានលិខិតពាក់ព័ន្ធអ្វីទាំងអស់ ដូចនេះហើយពួកគេទាំង ១៥នាក់ ត្រូវបានឃាត់យកទៅកាន់ នាយកដ្ឋានអន្តោប្រវេសន៍ភ្លាមៗ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ចំពោះបុគ្គលដែលមានលិខិតឆ្លងដែនជាលក្ខណៈទេសចរណ៍ ហើយគ្មានលិខិតការងារ គឺត្រូវធ្វើការផាកពិន័យក្នុងម្នាក់ ៥០ម៉ឺនរៀលចូលរដ្ឋ និងរងចាំផុតទិដ្ឋការ រួចធ្វើការបណ្តេញចេញ ។ ចំណែកបុគ្គលដែលគ្មានលិខិតពាក់ព័ន្ធអ្វីទាំងអស់ នឹងត្រូវបានកសាងសំណុំបែបបទ ស្នើទៅក្រសួងមហាផ្ទៃ សុំធ្វើការបណ្តេញចេញពីប្រទេសកម្ពុជាតែម្តង ។
មន្ត្រីនគរបាលបានបន្តថា ការចុះត្រួតពិនិត្រនៅពេលនេះ ក៏ដូចជាកាលពីពេលកន្លងមក គឺធ្វើឡើងដោយអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជារឿយៗ លោកតែងក្រើនរំឭកដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពីសំណាក់ជនបរទេស មិនថាជាជនជាតិអាស៊ី ឬ អ៊ឺរ៉ុបឡើយ គឺត្រូវចាត់ការទៅតាមច្បាប់ ៕