កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងប្រជាពលរដ្ឋ៥៦គ្រួសារ និងម្ចាស់ផ្ទះថ្មមួយ ដែលត្រូវបានប្រជាពលរដ្ឋចោទថា បានសង់សំយ៉ាបផ្ទះរំលោភ មកលើផ្លូវសាធារណៈមួយខ្សែ ចូលភូមិ ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី គណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្ត ក្រុង និងអាជ្ញាធរក្រុង មន្ទីរការិយាល័យដែលពាក់ព័ន្ធ។
លោក ម៉ម ឈឿម អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ៥៦គ្រួសារ ដែលកំពុងប្រើប្រាស់ផ្លូវ និងម្ចាស់ផ្ទះឈ្មោះ លៀង សុង៉ូវ ប្រពន្ធឈ្មោះ ឌិន ផល្លា ដែលប្រជាពលរដ្ឋចោទថា បានសង់សំយ៉ាបផ្ទះរំលោភមកលើផ្លូវសាធារណៈរបស់រដ្ឋ ហើយឯកឧត្តម ឈួរ ច័ន្ទឌឿន បានឲ្យគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្ត ក្រុង ដោះស្រាយជាបន្ទាន់ ឲ្យមានតម្លាភាព ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលភាគីទាំងសងខាងអាចទទួលយកបាន។
គួររំឭកថា នៅក្នុងអំឡុងឆ្នាំ២០១២ ឈ្មោះ គឹម យឹត អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋចំនួន៥៦គ្រួសារ ស្មើនឹង ៣១៤នាក់ ត្រូវបានលោក លៀង សុង៉ូវ និងប្រពន្ធឈ្មោះ ឌិន ផល្លា ជាម្ចាស់ផ្ទះប្តឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ ក្នុងករណីរំខានដល់ការសាងសង់ផ្ទះថ្ម។ ក្រោយមកលោកចៅក្រម សាន សុផាត និងក្រឡាបញ្ជី ឯម ស្រីធា បានកាត់ក្តីឲ្យឈ្មោះ គឹម យឹត និងប្រជាពលរដ្ឋ៦៥គ្រួសារ ចាញ់ក្តី ដោយតំរូវឲ្យសងប្រាក់ទៅម្ចាស់សំណង់ចំនួន៥ពាន់ ថ្លៃខូចខាតទ្រព្យសម្បត្តិ និង៥លានរៀលថ្លៃជំងឺចិត្ត។
ក្នុងករណីនេះឈ្មោះ គឹម យឹត និងប្រជាពលរដ្ឋទាំង៥៦គ្រួសារ មិនសុខចិត្ត ក្នុងករណីដោះស្រាយក្តីរបស់ចៅក្រម សាន សុផាត មានភាពមិនប្រក្រតី ក៏បានប្តឹងទៅសាលាឧទ្ទរណ៍ ហើយជាលទ្ធផល ប្រធានក្រុមប្រឹក្សាជំនុំជំរះ គឺលោក តាំង ស៊ុនឡាយ បានកាត់ក្តីលុបចោលសាលក្រមរដ្ឋប្បវេណីលេខ០៨«ង» ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងបញ្ឈប់ការប្តឹងផ្តល់របស់ភាគីទាំងពីរ។ បន្ទាប់មក ក៏មានការអន្តរាគមន៍ពីសម្តេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្ត្របណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឲ្យអាជ្ញាធរខេត្តក្រុងដោះស្រាយករណីនេះជូនប្រជាពលរដ្ឋ។
លោក គឹម យឹត តំណាងប្រជាពលរដ្ឋ៥៦គ្រួសារ បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា៖ លោកនិងប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរក្រុង និងលោកចៅក្រម សាន សុផាត ដែលកាត់ក្តីឲ្យប្រជាពលរដ្ឋចំនួន ៣១៤នាក់ ចាញ់ក្តី ទោះបីជាមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ។ ហើយអ្វីដែលប្រជាពលរដ្ឋចង់បាន គឺរុះសំយ៉ាបផ្ទះចេញពីលើផ្លូវសាធារណៈ។
ដោយឡែកស្ត្រីឈ្មោះ ឌិន ផល្លា ជាម្ចាស់ផ្ទះដែលត្រូវប្រជាពលរដ្ឋចោទថា សង់រំលោភលើផ្លូវសាធារណៈ ក៏បានបញ្ជាក់ឲ្យដឹងដែរថា គាត់សង់ទៅតាមប្លង់ដែលចេញដោយសុរិយោដីក្រុង និងច្រកចេញចូលតែមួយរបស់អាជ្ញាធរក្រុង គឺគាត់មិនបានសង់ផ្ទះគ្មានច្បាប់នោះឡើយ។ គាត់បានបន្ថែមថា បើសិនជាគណៈកម្មការៀបចំសណ្តាប់ធ្នាប់ថា គាត់សង់ខុស ក៏មិនមែនជាកំហុសរបស់គាត់ឡើយ គឺទាំងអាជ្ញាធរក្រុង និងមន្ត្រីជំនាញសុរិយោដីក្រុងជាអ្នកទទួលខុសត្រូវ៕