ព្រះសីហនុ ៖ ប្រជាពលរដ្ឋជាច្រើន បានថ្លែងថាវង់ល្បែងភ្នាល់ជល់មាន់ កណ្តាលក្រុងព្រះសីហនុ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ជាពិសេសផ្នែកសន្តិសុខ សម្រាប់ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។
ប្រជាពលរដ្ឋបានរិះគន់ថា សង្វៀនភ្នាល់ជល់មាន់ ដែលស្ថិតនៅទីវាលក្រោយខាងក្រោយកាស៊ីណូ របស់ក្រុមហ៊ុន ដាយអឺមិនស៊ី ខូអិលធីឌី នោះ ទោះបីថាមានច្បាប់ ឬមិនមានច្បាប់ក៏ដោយ តែវាធ្វើឲ្យមានរូបភាពអាក្រក់ ជាវង់ល្បែងសាធារណៈ និងការចូលលេងដោយសេរី ជាពិសេសយុវជន និងប្រជាពលរដ្ឋសាមញ្ញនោះ នឹងធ្វើឲ្យមានបញ្ហាដល់ស្ថានភាពគ្រួសារ និងបញ្ហាសន្តិសុខផងដែរ ។
គួររំឭកថា វង់ល្បែងជល់មាន់ ភ្នាល់លុយយ៉ាងចំហរគគ្រឹក គគ្រេង គ្មានញញើតនិងអាជ្ញាធរបន្តិចសោះនោះ បានចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នា២០១៥ ដោយពួកគេ សម្អាងលើលិខិត ស.ជ.ណ លេខ ១៤៨២ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយ ឯកឧត្តមរដ្ឋលេខាធិការបណ្ឌិត ហឹង ថូរ៉ាក់ស៊ី។
ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរ មានសមត្ថកិច្ចជួយធ្វើការបង្ក្រាប ឬក៏លប់បំបាត់តែម្តង សង្វៀនភ្នាល់ជល់មាន់នេះ ដែលស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខាងក្រោយកាស៊ីណូ ដាយអឺមិនស៊ី ៕