កណ្តាល ៖ បុរសម្នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ កាលពីវេលាម៉ោង១២ :៥៥នាទី ថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៥ នៅផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ខាងកើតគល់ស្ពានព្រែកក្ដាមត្រើយខាងកើត ចម្ងាយ៣៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានម៉ូតូម៉ាកសាន់យ៉ាន់ ពណ៌បៃតង គ្មានស្លាកលេខ សណ្ដោងរ៉ឺម៉កដឹកកូនឈើ ឈប់ចាក់សាំង ក្នុងទិសដៅពីជើងទៅត្បូង ខណៈចាក់រួចរាល់បានបើកបរតិចៗទៅមុខដោយឈ្មោះ សាន់ ណារ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហួន វិន ភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល) អ្នកទាំងពីររស់នៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ ពេលកំពុងបើកបរក៏មានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ2A-3356 បើកបរក្នុងល្បឿនលឿន ដែលមានទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា)ដោយឈ្មោះ អិន សុផល ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង (របួសធ្ងន់) និងមានអ្នករួមដំណើរ២នាក់ទៀត ទី១-ឈ្មោះ អឿន ធិ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិទ្រា ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង (របួសធ្ងន់) និងទី២-ឈ្មោះ តុង សេងរី ភេទប្រុស (ហៅសាន់) អាយុ២១ឆ្នាំ ទីលំនៅភូមិព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយកើតហេតុកម្លាំងផ្នែកជំនាញបានធ្វើការវាស់វែង និងបាននាំយករថយន្តរួមទាំងម៉ូតូមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់តាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះទាំង៤នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕