Wednesday, November 4, 2015

តុលាការ​បញ្ជូនទៅ​ព្រៃ​ស ជនដៃដល់​៣​នាក់ វាយ​តំណាងរាស្ត្រ

ភ្នំពេញ ៖ មន្ត្រី​តុលាការ ថ្លែងថា ជនដៃដល់​៣​នាក់ ដែល​សារភាពថា ជា​អ្នក​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្ក្រោះ​ជាតិ​២​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។ ជនដៃដល់​ទាំង​៣​នាក់ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ អ៊ី ថា​វរៈ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត​។​
​យោងតាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ ឃើញថា ជនដៃដល់​ទាំង​៣​នាក់ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​៤​ឆ្នាំទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៨​លាន​រៀល ដល់​២០​លាន​រៀល​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជន​សារភាព​ទាំង​៣​នាក់​នោះ ទី​១.​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​, ទី​២.​ឈ្មោះ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង និង​ទី​៣.​ឈ្មោះ សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​គួររំឭកថា លោក គង់ សុភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ជនដៃដល់​វាយ​តប់ ឲ្យ​រងរបួស​ធ្ងន់ និង​សន្លប់ នៅក្រៅ​វិមាន​រដ្ឋ​សភា កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ពេល​អ្នក​ទាំង​ពីរ ជិះ​រថយន្ត​បម្រុង​នឹង​ចេញ​ពី​រដ្ឋសភា ហើយ​បច្ចុប្បន្ន​នេះ តំណាងរាស្ត្រ​ទាំង​ពីរ​នាក់​នេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​នា​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
​ពាក់ព័ន្ធ​ករណី​នេះ ត្រូវបាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បង្ហើប​ឲ្យដឹងថា ជនដៃដល់​ទាំង​៣​នាក់​នេះ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ប្រាប់​តុលាការ ថា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ពួកគេ​ទាំង​៣​នាក់ បាន​អង្គុយ​ផឹក​កាហ្វេ​នៅ​ម្តុំ​វិមានឯករាជ្យ ស្រាប់តែ​ទទួលបាន​ព័ត៌មាន​ថា មាន​បាតុកម្ម​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​ទម្លាក់លោក កឹម សុខា ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​។ ពេលនោះ​ពួកគេ​ក៏​ធ្វើដំណើរ​មក​ខាង​មុខ​រដ្ឋសភា ហើយ​ចូល​ក្នុង​ហ្វូង​បាតុករ ដើម្បី​ក្តាប់​សភាពការណ៍​អំពី​រឿងហេតុ​នេះ​។ លុះ​ពេល​បាតុកម្ម​ត្រូវបាន​បញ្ចប់ ហើយ​បាតុករ​បាន​រំសាយ​ជា​បណ្តើរៗ​នោះ ពួកគេ​ពុំ​ទាន់​ទៅ​ណា​ទេ ពោល​គឺ​នៅ​រង់ចាំ​ចេញ​ក្រោយ​គេ​បង្អស់ ព្រោះ​ពួកគេ​មិនមែន​ជា​ក្រុមបាតុករ​។ បន្ទាប់​មក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ចំនួន​២​រូប បាន​ជិះ​រថយន្ត​ចេញមក ហើយ​បើក​កញ្ចក់​រថយន្ត​ស្រែកជេ​រថា​“​ពួក​អាយ៉ងយួន​” ទើប​ធ្វើឲ្យ​ពួកគេ​មាន​កំហឹង​ក៏​វាយ​លើ​តំណាងរាស្ត្រនោះ​តែម្តង ៕