Thursday, November 19, 2015

កម្ម​ការិ​នី​ ជាង​៥០​នាក់ បាន​ដួលសន្លប់​ដោយសារ​ពុល​ក្លិនថ្នាំ​បាញ់​ស្រូវ​

​កណ្តាល ៖ នៅវេលា​ម៉ោង​៩:៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ មានកម្ម​ការិនី​ប្រមាណ​៥០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ PPNT ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្រុក​ខ្សាច់កណ្តាល មាន​អការៈ​ទន់ដៃទន់ជើង​ដួលសន្លប់​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​។​
​កម្ម​ការិនី​ដែល​ដួលសន្លប់​ខាងលើនេះ ត្រូវ​គេ​សង្ស័យថា បាន​ពុល​ក្លិនថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ដែល​ប្រជា​កសិករ​បាន​បាញ់​កា​ពារ​ដំណាំ​ស្រូវ​របស់​ពួកគាត់ ស្ថិតនៅ​ក្បែរ​ទីតាំង​រោងចក្រ​ខាងលើ​នេះ​។ ប្រជា​កសិករ​ដែល​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​នោះ​មានឈ្មោះ អឿន អ៊​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល​។​
​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​យីហោ PPNT មាន​ទីតាំង​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​។ រោងចក្រ​នេះ មាន​កម្មករ​ចំនួន ២២៦​នាក់ កម្ម​ការិនី​ដែល​មាន​អការៈ​ទន់ដៃទន់ជើង​ដួលសន្លប់​នោះ មាន​ចំនួន​៣០​នាក់ រហូតមកដល់​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល​នេះ មាន​អាការៈ​ជាសះស្បើយ​វិញ​ហើយ​បន្ទាប់​ពី​គ្រូពេទ្យ​ព្យួរ​ស៊ី​រ៉ូម​ម្នាក់​មួយ​ប្លោក​រួចមក និង​បាន​ត្រឡប់​ទៅ​ផ្ទះ​ជា​ធម្មតា​។ ដោយឡែក​កម្មករ​-​កម្ម​ការី​នី ដែល​មិន​បាន​ពុល​ដួលសន្លប់​ក៏​ត្រូវ​បាន​រដ្ឋបាល​រោងចក្រ​បញ្ជា​ឲ្យ​ឈប់សម្រាក​រយៈពេល​មួយ​ថ្ងៃ​ផងដែរ ៕​