Thursday, November 19, 2015

ពុំទាន់​មាន​ករណី នៃ​ការស្នើ​សុំ​ជា​អន្តរជាតិ ក្នុង​ការចាប់ខ្លួន​លោក សម រង្ស៊ី នៅឡើយទេ

​ភ្នំពេញ​៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មានប្រសាសន៍ថា ពុំទាន់​មាន​ករណី នៃ​ការស្នើ​សុំ​ជា​អន្តរជាតិ ក្នុង​ការចាប់ខ្លួន​លោក សម រង្ស៊ី​នោះ​ទេ ហើយ​ដីកាចាប់ខ្លួន លោក សម រង្ស៊ី របស់​តុលាការ ក៏​មិនមែន​ជា​បញ្ហា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះដែរ​។​
​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​មកកាន់​ក្រុម​អ្នក​យក​ព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​ប្រធាន​បេសកកម្ម​ការទូត និង​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា ចំនួន​៣១ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ជម្រាបជូន​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន នៅ​កម្ពុជា​។​
​ឯកឧត្ដម ហោ ណាំហុង ថ្លែងថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅ​សារមន្ទីរ​ជើងឯក លោក សម រង្ស៊ី បានធ្វើការ​បង្កាច់បង្ខូច​កេរ្តិ៍​ខ្ញុំ ថា​ជា​កម្មាភិបាល​ខ្មែរក្រហម​។ ដើម្បី​ការពារ​កិត្តិយស នៅ​ឆ្នាំ​២០០៨ ខ្ញុំ​បាន​ប្រគល់​សិទ្ធិ​ទាំងស្រុង ឲ្យ​មេធាវី ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការក្រុង​ភ្នំពេញ ប្ដឹង សម រង្ស៊ី ពី​បទ​បរិហាកេរ្តិ៍​។ តុលាការ​ភ្នំពេញ​បាន​ផ្ដន្ទាទោស សម រង្ស៊ី នៅ​ឆ្នាំ​២០១១​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍​បាន​ផ្ដន្ទាទោស សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ពី​រ​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៨​លាន​រៀល​។​
​សាលក្រម​របស់​សាលាឧទ្ធរណ៍ មាន​សុពលភាព រយៈពេល​៥​ឆ្នាំ គឺ​រាប់​ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨​។ នៅក្នុង​ឆ្នាំ​២០១៣ តាម​សំណើសុំ​របស់​សម្ដេច​តេជោ ព្រះករុណា​ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ប្រទាន​ការលើកលែងទោស​ដល់ សម រង្ស៊ី ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​ពីរ គឺ​ទី​១-​ការដក​តម្រុយ បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ខេត្ត​ស្វាយរៀង ដែល​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ និង​បទល្មើស ទី​២-​គឺ​ការ​ក្លែងក្លាយ​ឯកសារ​សាធារណៈ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវបាន តុលាការ​ផ្ដន្ទាទោស​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១​។​
​    ​ព្រះរាជក្រឹត្យ​លើកលែងទោស​នេះ មិន​គ្របដណ្ដប់​លើ​ការផ្ដន្ទាទោស​ក្នុងការ​បរិហាកេរ្តិ៍ ឯកឧត្ដម​ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង ឡើយ​។ ចំពោះ​ការដក សម រង្ស៊ី ពី​សមាជិក​រដ្ឋសភា ឯកឧត្ដម ឧបនាយក​រដ្ឋមន្ត្រី​ថ្លែងថា យោងតាម​មាត្រា​១៤ នៃ «​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​» ដែល​ត្រូវបាន​អនុវត្តន៍ តាំងពី​ឆ្នាំ​២០០៦ បានចែង​ថា «​សមាជិក​រដ្ឋសភា​ណាមួយ ដែល​ជា​ជន​ជាប់ទោស ដោយ​សាលក្រម​ចុងក្រោយ នឹងត្រូវ​បាត់បង់​អភ័យឯកសិទ្ធិ និង​សមាជិកភាព​សភា​»​។ ជា​កំហុស​មេធាវី​ការពារ​ក្ដី​របស់ សម រង្ស៊ី ដោយ​បញ្ឈប់​ការតវ៉ា​ត្រឹម​សាលាឧទ្ធរណ៍ និង​មិន​បាន​ដាក់​ពាក្យបណ្ដឹង​បន្ត ទៅ​តុលាការ​កំពូល មានន័យ​ថា ទទួលយក​ការសម្រេច​របស់​សាលាឧទ្ធរណ៍​។ គ​.​ជ​.​ប មិន​បាន​ពិនិត្យ​មើល​ជាក់​ច្បាស់ នូវ​សាលក្រម​សាលាឧទ្ធរណ៍​។​
​តើ​សាលក្រម​សាលាឧទ្ធរណ៍​អនុវត្តន៍ បាន ឬ​មិន​បាន​។ យោង​តាម​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​មិន​ចាប់ខ្លួន​ជន​ជាប់​ទោស​លុះត្រាតែ ១-​សាលក្រម​នោះ​អស់​សុពលភាព​, ២-​មាន​ការលើកលែង​ទោស ឬ ៣-​ការលុបចោល​នូវ​ការផ្ដន្ទាទោស​ដោយ​តុលាការ​ថ្នាក់លើ​។ ដូច្នេះ​សាលក្រម​សាលាឧទ្ធរណ៍ នៅ​មាន​សុពលភាព ៣​ឆ្នាំ​ទៀត​។ បច្ចុប្បន្ន​ដោយ​រដ្ឋសភា​ទើបតែ​បាន​ដឹង​ពី​សាលក្រម​សាលាឧទ្ធរណ៍​លើ​ករណី​សម រង្ស៊ី​នេះ រដ្ឋសភា​មាន​កាតព្វកិច្ច​អនុម័ត​នូវ​សាលក្រម​នេះ ដោយ​សំឡេងឆ្នោត ៥០​បូក​១​ស្របតាម​មាត្រា​ទី​១៤ នៃ​«​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​»​។​
​រីឯ​ការដកតំណែង ឯកឧត្ដម កឹម សុខា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០១៥ សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា បាន​បោះឆ្នោត​ដោយ​សម្លេង​៦៨/៦៨ ដកតំណែង​ឯកឧត្ដម កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា​។ ឯកឧត្ដម កឹម សុខា ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ ដោយ​សម្លេងឆ្នោត​៥០​បូក​១ ដូចនេះ ក៏​ត្រូវ​ដកតំណែង​នេះ ដោយ​សម្លេង​៥០​បូក​១ ដូចគ្នា​ដែរ​។
​ចំពោះ​មូលហេតុ​នៃ​ការដកតំណែង​ឯកឧត្ដម កឹម សុខា នោះ​គឺ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ផ្ដួចផ្ដើម​ឲ្យមាន «​វប្បធម៌​សន្ទនា​» ដើម្បី​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការបំពេញ​ការងារ​បាន​ល្អ​របស់​រដ្ឋសភា ទើប​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ឯកឧត្ដម កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា​។ ធ្វើ​ដូចនេះ រាជរដ្ឋាភិបាល​សង្ឃឹម​ថា នឹងមាន​កិច្ចសហប្រតិបត្តិការ​ល្អ​និង​ប្រកប​ដោយ​សន្តិវិធី​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ​។ ក៏ប៉ុន្តែ ឯកឧត្ដម កឹម សុខា ទាំង​នៅ​តាម​បណ្ដា​ខេត្ត និង​នៅ​បរទេស បាន​បរិហារកេរ្តិ៍ និង​ធ្វើការ​ញុះញង់​ប្រជាជន ឱ្យ​ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​អំពី​ករណី​ហិង្សា​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ២០១៥ ទៅលើ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​នៅ​ក្បែរ​រដ្ឋសភា ដោយ​បាន​គូសបញ្ជាក់ថា​នៅពេលនោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​កំពុង​បំពេញ​ទស្សនកិ​ច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង ហើយ​សម្ដេច​បាន​បញ្ជា​ពី​ទីក្រុង​ប៉ារីស ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការស៊ីបអង្កេត​ជាបន្ទាន់ និង​ចាប់ខ្លួន​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់​។ សម្ដេច​បាន​អំពាវនាវ​ដល់​អ្នកកាសែត​និង​អ្នក​បង្ហោះ​រូបភាព​តាម Facebook ឲ្យ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការស្វែងរក​ការចាប់ខ្លួន​ជនដៃដល់​។​
​    ​ឯកឧត្ដម​បានបញ្ជាក់​ថា ក្រសួងមហាផ្ទៃ បានកំណត់​មុខសញ្ញា​ជនសង្ស័យ ហើយ​បន្ទាប់មក​មាន​មនុស្ស​៣​នាក់​បាន​ចូលខ្លួន មក​សារភាព​ចំពោះ​ក្រសួង​មហាផ្ទៃ ដោយ​ពួកគេ​ដឹងថា ក្រសួង​មហាផ្ទៃ​បាន​ស្គាល់​ពួក​គេ​រួចហើយ​។ បច្ចុប្បន្ន​ជនដៃដល់​ទាំង​៣​នាក់​នោះ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​៕ AKP