រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសពីគម្រោងលក់គ្រឿងសព្វាវុធគ្រប់ប្រភេទ ក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ១៣០០លានដុល្លារ អោយទៅប្រទេស អារ៉ាប៊ី សាអូឌីត ក្នុងការធ្វើសង្គ្រាមកាប់សម្លាប់មនុស្សនៅប្រទេសយេមែន ។
គ្រឿងសព្វាវុធដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក មានគម្រោងនឹងលក់ទៅអោយប្រទេស អារ៉ា ប៊ី សាអូឌីតនេះ គឺជាប្រភេទគ្រាប់បែក Smart bomb, គ្រាប់មីស៊ីលរយៈចម្ងាយជិត និងយន្តចម្បាំង ជាច្រើនគ្រឿងទៀត ។
ការលក់អាវុធរបស់សហរដ្ឋអាមេរិកនេះ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់អង្គ ការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការការពារសិទ្ធមនុស្ស Human Rights Watch ដោយចោទថា ការ លក់អាវុធនេះ គឺមានគោលបំណងយកទៅធ្វើសង្គ្រាមសម្លាប់មនុស្សនៅក្នុងប្រទេសយេមែន ដែល ប្រទេសអារ៉ាប៊ី សាអូឌីត បានជួយខាងរដ្ឋាភិបាលនៅប៉ែកខាងត្បូង ។
អង្គការការពារសិទ្ធិមនុស្សHuman Rights Watch បានទទូចសុំឲ្យសភាសហរដ្ឋអាមេរិក ធ្វើ អន្តរាគមបោះឆ្នោតប្រឆាំងនឹងគម្រោងការរបស់រដ្ឋាភិបាលអាមេរិក ដែលចង់លក់គ្រាប់បែកទៅឲ្យប្រទេសអារ៉ាប៊ី សាអូឌីតនេះ ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ ទើបបានប្រកាសលក់គ្រាប់បែក និងមីស៊ីលតម្លៃ១៣០០លានដុល្លារ ទៅឲ្យអារ៉ាប៊ី សាអូឌីត។ សម្រាប់អង្គការការពារសិទ្ធិមនុស្ស អារ៉ាប៊ី សាអូឌីត ដែលដឹកនាំសម្ព័ន្ធអន្តរជាតិ វាយប្រហារទ័ពអាកាសក្នុងទឹកដីយេមែន បានទម្លាក់គ្រាប់បែកសម្លាប់ភាគច្រើនប្រជាជនស៊ីវិល ។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវសុំឲ្យរដ្ឋាភិបាលអា មេរិក ប្តូរចិត្តលែងលក់គ្រាប់បែក គ្រាប់មីស៊ីល ទៅឲ្យអារ៉ាប៊ី សាអូឌីត។ តាមអង្គការ Human Rights Watch បានអោយដឹងថា អារ៉ាប៊ី សាអូឌីត ដែលកំពុងដឹកនាំការវាយប្រហារផ្លូវអាកាសក្នុងប្រទេសយេមែន បានទម្លាក់គ្រាប់បែកសម្លាប់មនុស្សមិនរើសមុខ។ តាមការស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស ពាក់កណ្តាលនៃជនរងគ្រោះដោយការទម្លាក់គ្រាប់បែករបស់យន្តហោះចម្បាំង អារ៉ាប៊ី សាអូឌីត គឺជាប្រជាជនស៊ីវិលយេមែន ។
ក្រសួងការបរទេសអាមេរិកប្រកាសឲ្យដឹងថា ទៅតាមការបញ្ជារទិញរបស់អារ៉ាប៊ី សាអូឌីត អាមេរិក នឹងលក់គ្រាប់បែក គ្រាប់មីស៊ីល ដែលអាចទម្លុះរូងក្រោមដីរាប់ពាន់គ្រាប់ទៅឲ្យទីក្រុងរីយ៉ាត ។ តាមលោកចូ ស្តុក អនុប្រធានកម្មវិធីដើមបូព៌ា និងអាហ្វ្រិករបស់ Human Rights Watch រដ្ឋាភិបា លអាមេរិកបានដឹងច្បាស់ណាស់ថា សម្ព័ន្ធអន្តរជាតិដឹកនាំដោយអារ៉ាប៊ី សាអូឌីតបានទម្លាក់គ្រាប់ បែក ដោយគ្មានការរើសអើង គ្មានបែងចែកថា គោលដៅជាពួកឧទ្ទាម ហ៊ូទីស្ហ ឬជនស៊ីវិល។ “ការ ផ្តល់ លក់គ្រាប់បែកដ៏ទំនើបៗ ទៅឲ្យអារ៉ាប៊ី សាអូឌីតសម្រាប់ទៅសម្លាប់ប្រជាជនស៊ីវិលយេម៉ែន នឹងធ្វើឲ្យអាមេរិកចូលរួមទទួលខុសត្រូវមួយចំណែកដែរ” នេះជាប្រសាសន៍របស់លោកចូ ស្តុក។
អង្គការការពារសិទ្ធិមនុស្សដែលមានទីតាំងនៅទីក្រុងញូវយ៉ក បាននិយាយកាលពីខែតុលាមុនថា ខ្លួនបានប្រមូលបានឯកសារមួយចំនួន ដែលបង្ហាញថា សម្ព័ន្ធអន្តរជាតិដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានរំលោភច្បាប់សង្គ្រាម។ តាមមន្ត្រី អង្គការ Human Rights Watch សភាអាមេរិកមាន សិទ្ធតួនាទីទប់ស្កាត់កុំឲ្យរដ្ឋាភិបាលអាមេរិកលក់ អាវុធ ដែលគេនឹងអាចយកទៅប្រើ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
ការអំពាវនាវរបស់ Human Rights Watch អាចជាការឥតប្រយោជន៍ ព្រោះបើតាមការចុះផ្សា យរបស់កាសែតក្នុងស្រុកអាមេរិក សភានឹងបើកភ្លើងខៀវឲ្យរដ្ឋាភិបាលអាមេរិកលក់អាវុធទៅអារ៉ាប៊ី សាអូឌីត ដែលជាសម្ព័ន្ធមិត្ត រួមដៃជាមួយអាមេរិក ប្រយុទ្ធប្រឆាំង នឹងក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។
សូមបញ្ជាក់ថា តាំងពីខែមីនា មក អារ៉ាប៊ី សាអូឌីត ដែលគាំទ្រប្រធានាធិបតីយេមែន បានបញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ សត្រូវរបស់អារ៉ាប៊ី សាអូឌីត។ តាមអង្គការសហប្រជាជាតិ ចាប់តាំងពីមានការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ី សាអូឌីត នៅក្នុងប្រទេសយេម៉ែន មនុស្សប្រមាណ ៥៧០០នាក់បានស្លាប់ ដែលពាក់កណ្តាលជាជនស៊ីវិល។
ទាក់ទិនទៅនឹងសង្គ្រាមកាប់សម្លាប់គ្នា នៅក្នុងប្រទេសយេមែននេះដែរ កាលពីសុក្រទី១២ ខែមិថុនា កន្លងទៅ អង្គការ UNESCO បានថ្កោលទោសកងកម្លាំងទ័ពអាកាសរបស់ប្រទេស អារ៉ាប៊ី សាអូឌីត ដែលបានទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញបិតិកភណ្ឌពិភពលោកនៅទីក្រុង សាណា ប្រទេសយេមែន នោះ ។ កាលពីថ្ងៃសុក្រទី១២ ខែមិថុនា វេលាទៀបភ្លឺ មានយន្តហោះកងទ័ពអាកាសរបស់ អារ៉ាប៊ី សាអ៊ូឌីត បានហោះមកទម្លាក់គ្រាប់មីស៊ីលមួយគ្រាប់ នៅពីលើក្រុងសាណា ក្នុងសង្កាត់ កាស៊ីមី (Qassimi) ដែលសំបូរដោយសំណង់អាគារបូរាណ រាប់ពាន់ខ្នង ហើយដែលត្រូវបានអង្គការយូនេស្កូ ចាត់បញ្ចូលជាបិតិកភណ្ឌមនុស្សជាតិ ពិភពលោក។ ជាសំណាងល្អ គ្រាប់មីស៊ីលនេះ មិនបានផ្ទុះ។ ប៉ុន្តែទោះបីជាយ៉ាងណា គ្រាប់មីស៊ីលនេះ បានធ្វើឲ្យអាគារបូរាណ មួយ បាក់រលំហើយ បានបណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ ក្នុងនោះមានមនុស្សស្រីម្នាក់ និងក្មេងម្នាក់ផងដែរ។
លោកស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយកអង្គការយូនេស្កូ ដែលមានទីទាំងនៅទីក្រុង ប៉ារីស បានចេញមុខថ្កោលទោសដោយចំហរ ចំពោះទង្វើខ្វះការទទួលខុសត្រូវ របស់អារ៉ាប៊ី សាអ៊ូឌីត ដែលជាអ្នកទម្លាក់គ្រាប់បែក លើទីក្រុងសាណា។
ទីក្រុងសាណា រដ្ឋធានីប្រទេសយេមែន គឺជាទីក្រុងបូរាណ ដែលមានប្រវត្តិនិងស្ថាបត្យកម្មតាមប្រពៃណីអ៊ីស្លាមបូរាណ មានចំណាស់តាំងពីសតវត្សទី៧ ទី៨ម្លេះ។ នៅទីក្រុងនេះ មានវិហារម៉ូស្កេអ៊ីស្លាម ចំនួន១០៣កន្លែង និងផ្ទះបូរាណតាមបែបរចនាបថសាណា ចំនួនប្រមាណជា៦ពាន់ខ្នង ដែលសំណង់ទាំងអស់នេះ សុទ្ធតែត្រូវបាន សាងសង់ តាំងពីមុនសតវត្សទី ៩ម្លេះ។ ការចាត់បញ្ចូលសំណង់ទាំងនេះ ជាបិតិកភណ្ឌពិភពលោក គឺមានន័យថា វាជាសម្បត្តិវប្បធម៌ របស់មនុស្សជាតិទាំងមូល ហើយដែលគ្រប់គ្នាត្រូវតែថែររក្សា។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ ទី២៦ មីនា មក អារ៉ាប៊ីសាអ៊ូឌីត បានដឹកនាំកងកម្លាំង ដែលមានការចូលរួមពីប្រទេសអារ៉ាប់ស៊ូនីត ជាច្រើន ដើម្បីធ្វើការទម្លាក់គ្រាប់បែក កម្ទេចក្រុមឧទ្ទាមហ៊ូទីស នៅយេម៉ែន។ អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍ ស្តីពីចំនួនអ្នកស្លាប់ នៅយេម៉ែន ដោយសារការទម្លាក់គ្រាប់បែករបស់ អារ៉ាប៊ីសាអ៊ូឌីត គឺមានចំនួនជាង ២៥០០នាក់។
នេះមិនមែនជាលើកដំបូងទេ ដែលអារ៉ាប៊ី សាអ៊ូឌីត ទម្លាក់គ្រាប់បែកលើតំបន់ ដែលមានបិតិកភណ្ឌបូរាណ នៅយេមែន។ ជាក់ស្តែងកាលពីចុងខែឧសភា ទំនប់បូរាណម៉ារីព ត្រូវបានបំផ្លាញ ដែលធ្វើឲ្យខូចខាតដល់សិលាចរិក ដែលមានសេសសល់តាំងពីជំនាន់អាណាចក្រសាបា។ ហើយមុននេះ ប៉ុន្មានថ្ងៃ សារមន្ទីរឋាម៉ារ (Dhamar) ដែលសំបូរទៅដោយវត្ថុបូរាណ ត្រូវបានបំផ្លាញចោលទាំងស្រុង។ អង្គការ យូនេស្កូ បានអំពាវនាវថា អារ៉ាប៊ីសាអ៊ូឌីតត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែក បំផ្លាញសំណង់បូរាណទាំងនេះ។ ដោយឡែក ក្រុមភាគីដែលមានជម្លោះនៅយេម៉ែន ដោយមានការជ្រោម ជ្រែង ពីអង្គការសហប្រជាជាតិ នឹងជួបពិភាក្សាគ្នា នៅថ្ងៃអាទិត្យនេះ នៅ ទីក្រុង ហ្សឺណែវ ដើម្បីរកច្រកចេញ និងបញ្ចប់សង្គ្រាម៕