Thursday, November 19, 2015

ចាប់​ឃាត់ខ្លួន ​ចោរឆក់​យ៉ាងសកម្ម ​៣​នាក់​

​ភ្នំពេញ ៖ ក្រុមចោរឆក់​យ៉ាងសកម្ម​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុសិ៍្ត​រដ្ឋបាល​ព្រៃ​ស សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ តាម​ក្របួច​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤:៣០​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក្រោយពី​ក្រុម​ជនសង្ស័យ​៣​នាក់ ខាងលើនេះ ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ ពី​ស្ត្រី​រងគ្រោះ​ម្នាក់ ខណៈ​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ទទួល​កូន​ចេញពី​សាលារៀន​។​
​ប្រភព​ពី​មន្ត្រី​នគរបាល​រដ្ឋបាល​ព្រៃ​ស បាន​បញ្ជាក់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ស្ថិតក្នុង​ភូមិ​ព្រៃ​ទីទុយ ដែល​នៅ​ខាងក្រោយ​សាលាសង្កាត់​ព្រៃ​ស ក្នុង​គោលបំណង​យកលុយ​ទៅ​ដាក់​វី​ង​ជាង​១​ពាន់​ដុល្លារ​។ ប្រភព​ពី​មន្ត្រី​ប៉ុសិ៍្ត​បន្តថា លុះ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​មកដល់​មុខ​វត្ត​ធម្ម​ត្រ័យ​ក៏​គិត​ថា​ទៅ​ឌុប​កូន​ចេញពី​សាលារៀន​យក​ទៅ​ផ្ទះ​សិន នៅពេល​ដែល​ស្ត្រី​រងគ្រោះ​គាត់​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​លើផ្លូវ​បេតុង​ក្នុងភូមិ​ឆ្ពោះ​ទៅ​សាលា​ឯកជន​នោះ ដើម្បី​ទទួល​កូន​ក៏​ស្រាប់តែ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​អែប​និង​ស្ត្រី​រងគ្រោះ​ក៏​ឆក់​យក​កាបូប​រួច​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច ខណៈ​នោះ​កម្លាំង​នគរបាល​ប៉ុសិ៍្ត​ព្រៃ​ស កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ជនសង្ស័យ​៣​នាក់​នេះ ក៏​ដេញ​តាម ហើយ​ជនសង្ស័យ​ក៏​ដួល​ម៉ូតូ​។ ក្នុងនោះ​ក៏​មាន​វត្តមាន លោក ខាត់ សុ​ខៃ ជា​ចៅសង្កាត់​ព្រៃ​ស ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ដេញ​ចាប់​ក្របួច​បាន​ទាំង​៣​នាក់​តែ​ម្តង​។ បន្ទាប់​មក​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ ក៏បាន​ចូលរួម​សហការ​ចាប់​ដឹក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​
​ដោយឡែក លោក នៅ ទិ​ត្យ នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ ក៏​បាន​បញ្ជាក់បន្ថែម​ថា ជនសង្ស័យ​មាន​ឈ្មោះ ផាត ចំរើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២.​ឈ្មោះ សុខ សុធន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ជនសង្ស័យ​ទី​៣.​ឈ្មោះ ពេជ្រ កក្កដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ​នេះ មាន​ទីលំនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លោក​បន្ត​ឲ្យដឹង​ទៀតថា ចំណែក​ជនរងគ្រោះ​មានឈ្មោះ សែម សុផាន់​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ លេខ​៦១ ភូមិ​ព្រៃ​ទី​ទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​
​លោក​នាយរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ ក៏​បាន​រំ​ឮ​ក​ឲ្យដឹង​បន្ថែម​ថា ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ ជា​ចោរឆក់​យ៉ាង​សកម្ម​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​មួយចំនួន​ផ្សេងទៀត​។ ដោយឡែក​នៅ​ថ្ងៃកើតហេតុ គឺជា​ថ្ងៃ​ស៊យ​របស់​ពួក​វា ព្រោះ​ថា​ពេល​ជនសង្ស័យ​ឆក់​កាបូប​លុយ​ពី​ស្ត្រី​រងគ្រោះ​នោះ គឺ​ចំ​ពេល​កម្លាំង​ប៉ុសិ៍្ត​រដ្ឋបាល​ព្រៃ​ស​ចេញ​ល្បាត ហើយ​ពេល​ដែល​ស្ត្រី​រងគ្រោះ​ស្រែក​ឆោឡោ​កម្លាំង​យើង​ក៏​ដេញ​តាម​តែ​ម្តង ធ្វើឲ្យ​ពួក​ជនសង្ស័យ​ភ័យ​ក៏​ដួល​ម៉ូតូ​រត់​ចូល​ភូមិ ក៏​ប្រជា​ការពារ​សង្កាត់​ចាប់​ជាប់​តែម្តង​។ លោក​ថា វត្ថុតាង​កាបូប​មាន​លុយ​១៣០០​ដុល្លារ លុយ​បាត​ថៃ​២០០០​បាត ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត ហើយ​បាន​ប្រគល់​ឲ្យ​ស្ត្រី​រងគ្រោះ​វិញ​។ ចំពោះ​ជនសង្ស័យ​៣​នាក់​នេះ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕