Thursday, November 19, 2015

សមត្ថកិច្ចចាប់បានជនល្មើស បាញ់សម្លាប់មន្ត្រីយោធា នៅស្រុកភ្នំព្រឹក

​បាត់ដំបង ៖ រយៈពេល​៥​ថ្ងៃ កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង បំបែកសំណុំរឿង​ឃាតកម្ម ឈាន​ដល់​ការចាប់​ឃាត់ខ្លួន​នាយទាហាន​ម្នាក់ ពាក់​សក្តិ​៣ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​និង​អំពើ​បាញ់សម្លាប់ ទៅលើ​មន្ត្រី​យោធា​ម្នាក់ នៅ​ស្រុក​ភ្នំព្រឹក កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​។ ជនសង្ស័យ​ឈ្មោះ នី នឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សន្តិភាព ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ប្រកប​មុខរបរ​ជា​យោធា មាន​មុខងារ​មេបញ្ជាការរង គ​២ នៃ​អង្គភាព​វរៈ​យោធា ៥៣៤ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នករបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​និង​នគរបាល​ស្រុក​ភ្នំព្រឹក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ៦:១៨​នាទី ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​សាធារណៈ​មួយ​កន្លែង ក្នុង​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈ​ដែល​ជនសង្ស័យ​កំពុងតែ​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​សាធារណៈ​។​
​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​នោះ​ដែរ សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ដកហូត​វត្ថុតាង​អាវុធខ្លី ធុន​កា​៥៤ ១​ដើម គ្រាប់​ចំនួន​១៦​គ្រាប់ និង​បង់​២​ផងដែរ​។​
​ជុំវិញ​នៃ​រឿងហេតុ​អំពើ​ឃាតកម្ម​នោះ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណី ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ប្រាប់ឲ្យដឹង​ថា ផ្តើមឡើង​ពាក់ព័ន្ធ​និង​រឿង​ស្នេហា​ត្រីកោណ ដោយ​ជនរងគ្រោះ​បាន​មាន​ទំនាក់ទំនង​មាន​ស្នេហា​លួចលាក់ ជាមួយនឹង​ប្រពន្ធ​ជនសង្ស័យ​។​
​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង ៦:៤០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​យោធា​ម្នាក់​បម្រើ​ការងារ​នៅក្នុង​អង្គភាព​វរៈ​ការពារ​ព្រំដែន​៥៣៣ ចំណុះ​ឲ្យ​កងពលតូច​លេខ​៥៣ មានឈ្មោះ លី គឹមឈុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​កាំភ្លើង​បាញ់​១​គ្រាប់ ត្រូវ​ចំ​ក្រោម​ត្រចៀក​ខាងស្តាំ​ធ្លាយ​ដល់​ក្រោម​ត្រចៀក​ខាងឆ្វេង បណ្តាលឲ្យ​ស្លាប់​មួយ​រំពេច ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ដេក​នៅក្នុង​ខ្យុ​ស​ខាងមុខផ្ទះ ចំណែក​ប្រពន្ធ​កូន​វិញ​ទៅ​លក់ដូរ​នៅក្នុង​វត្ត​។​
​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ប្រាប់ឲ្យដឹង​ថា ក្រោយ​ពី​ជនល្មើស​បាញ់​សម្លាប់​ជនរងគ្រោះ​រួច ហើយ​រត់​គេចខ្លួន​បាត់ បន្ទាប់​មក​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​ដោយ​កាំភ្លើងខ្លី​។ លុះ​ក្រោយ​ពី​កើតហេតុ​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ដោយ​មាន​ការបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ចាត់​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណី ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ ចុះ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត លើ​សំណុំរឿង​ឃាតកម្ម​ខាងលើ ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕