WADI AL-ZOLOMAT, Egypt: កាលពីថ្ងៃអាទិត្យ អ្នកស៊ើបអង្កេតម្នាក់បាននិយាយថា យន្ដហោះរបស់រុស្ស៊ីមួយគ្រឿង ដែលធ្លាក់ក្នុងប្រទេសអេហ្សីបបានផ្ទុះ នៅលើអាកាស ហើយសាកសពភាគច្រើន នៃអ្នកដំណើរទាំង២២៤នាក់ ត្រូវបានដឹកទៅកាន់គេហដ្ឋានរបស់ពួកគេហើយ ។
ប្រធានាធិបតី Abdel Fattah al-Sisi បានជំរុញឲ្យមានការអត់ធ្មត់ ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះកាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមរដ្ឋអ៊ីស្លាមបានអះអាងថា ពួកគេបានបាញ់ទម្លាក់យន្តហោះ A-321 ក្នុងឧបទ្វីប Sinai ដែលមានភាពចលាចលក្នុងប្រទេសអេហ្សីប ។ ទីក្រុង Cairo និងមូស្គូ មិនបានទទួលយកចំពោះការអះអាងដោយសាខាក្រុម IS ក្នុងប្រទេសអេហ្សីបនេះឡើយ ដែលពួកគេថា បានបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia ធ្វើប្រតិបត្តិការក្រោមឈ្មោះ Metrojet នេះ ។
នាយករដ្ឋមន្ត្រី Sharif Ismail បាននិយាយថា ក្រុមអ្នកជំនាញការបានបញ្ចាក់ថា ក្រុមសកម្មប្រយុទ្ធមិនអាចបាញ់ទម្លាក់យន្តហោះ ដែលស្ថិតនៅរយៈកំពស់ ៩,០០០ម៉ែត្រ បានឡើយ ហើយរដ្ឋមន្ត្រីក្រសួងគមនាគមន៍រុស្ស៊ីលោក Maxim Sokolov បាននិយាយថា ការអះអាងនេះមិនអាចចាត់ទុកថា ត្រឹមត្រូវបានទេ ។ យន្តហោះនេះបានបាត់ការទាក់ទង ក្រោយពីហោះហើរបានរយៈពេល ២៣នាទី កាលពីព្រឹកថ្ងៃសៅរ៍ ។
មន្ត្រីម្នាក់បាននិយាយដោយមិនបញ្ចេញឈ្មោះថា បំណែក និងសាកសព ត្រូវបានរកឃើញរបាត់រប៉ាយពាសពេញតំបន់ដ៏ធំមួយ នៅភាគខាងត្បូងក្រុង El-Arish ដោយសាកសពភាគច្រើនបានបាត់អាវៈយវៈ ។ សម្ព័ន្ធ IS ដែលកំពុងបះបោរក្នុងឧទ្វីប Sinai បានអះអាងថា ពួកគេបានបាញ់ទម្លាក់យន្តហោះនេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ក្នុងប្រទេសស៊ីរី ប៉ុន្តែក្រុមអ្នកជំនាញការបានបដិសេធនឹងការអះអាងនេះ ។
លោក Jean-Paul Troadec អតីតនាយកប្រតិបត្តិ នៃក្រុមអ្នកស៊ើបអង្កេតអាកាសចរណ៍បារាំង BEA បាននិយាយថា ដើម្បីវាយប្រហារយន្តហោះដែលស្ថិតនៅរយៈកំពស់នេះ គឺមានការលំបាកដោយប្រើគ្រាប់មីស៊ីល ដូច្នេះការអះអាងនេះហាក់បីដូចជាមិនត្រឹមត្រូវឡើយ ។ តាមការយល់ដឹងរបស់ខ្ញុំ ចំពោះការវាយប្រហាររបៀបនេះ គឺត្រូវការអ្នកដែលមានជំនាញ និងអាវុធដែលក្រុម IS ប្រើប្រាស់គឺមិនអាចធ្វើបានឡើយ ។ ក្រុមជំនាញការបាននិយាយថា គ្រាប់មីស៊ីលដែលបាញ់ពីផ្ទៃដីទៅក្នុងអាកាស អាចវាយប្រហារយន្ដហោះនេះបាន លុះត្រាតែពេលយន្ដហោះកំពុងចុះចត ហើយចំពោះករណីគ្រាប់បែកនៅក្នុងយន្ដហោះអាចនឹងមានបញ្ហាបែបនេះ ប៉ុន្តែចំពោះបញ្ហាបច្ចេកទេស ឬបញ្ហាមនុស្ស គឺហាក់បីដូចជាអាចទទួលយកបាន ៕