ប្រភពពីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធទី៤ ខែវិច្ឆិកាថា ភស្តុតាងបង្ហាញថា គ្រាប់បែកដែលត្រូវបានដាក់បង្កប់ដោយក្រុមរដ្ឋអ៊ីស្លាម ហាក់បីដូចជាមូលហេតុដែលនាំឲ្យយន្តហោះដឹកអ្នកដំណើរ របស់រុស្ស៊ីធ្លាក់ កាលពីសប្ដាហ៍មុន នៅឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប ។
ប្រភពនេះបានបញ្ជាក់ច្បាស់ថា ពួកគេនៅមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយទេ អំពីការធ្លាក់នេះ ។
កាលពីថ្ងៃពុធ ប្រទេសអង់គ្លេសបានរកឃើញបំណែក ដែលហាក់បីដូចជាគ្រឿងផ្ទុះ ជាមូលហេតុនៃការធ្លាក់នេះ ប៉ុន្តែមិនបានបញ្ជាក់ពីក្រុមដែលគួរទទួលខុសត្រូវឡើយ ។ លោក Philip Hammond រដ្ឋមន្ត្រីកិច្ចការបរទេសអង់គ្លេស បាននិយាយក្រោយពីកិច្ចប្រជុំគណៈកម្មាការគ្រប់គ្រងវិបត្តិ ប្រទេសអង់គ្លេស ដែលធ្វើជាប្រធានដោយនាយករដ្ឋមន្ត្រី David Cameron ថា ពួកយើងបានសន្និដ្ឋានថា មានភស្ដុតាងដែលអាចយកជាការបានពីការធ្លាក់យន្តហោះនេះ ដោយប្រើឧបករណ៍បំផ្ទុះនៅលើយន្តហោះ ៕

