សៀមរាប ៖ កម្លាំងការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញអធិការក្រុងសៀមរាប រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប បានចុះត្រួតពិនិត្យជនសង្ស័យដែលប្រើបាស់មធ្យោបាយមិនប្រក្រតី និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងមុខសញ្ញាប្រើប្រាស់ ចែកចាយគ្រឿងញៀន
ដោយយោងទៅតាមបទបញ្ជារបស់ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រចំនួន២ភូមិ គឺភូមិពោធិ៍ និងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត បានឲ្យដឹងថា ក្នុងកិច្ចការចុះត្រួតពិនិត្យនេះ កម្លាំងចម្រុះរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន៥នាក់ ហើយបាននាំខ្លួនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យទាំងនោះ បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពចំនួន៦លើក លួចរបស់របរ និងគាស់ផ្ទះក្នុងភូមិសាស្ត្រ ចំនួន២ ពិតប្រាកដមែន ទី១.ភូមិពោធិ៍ ចំនួន៥លើក លួចបាន ទូរស័ព្ទដៃចំនួន៦គ្រឿង មាន់១សំបុក, ទី២.ភូមិអារញ្ញ ចំនួន១លើក លួចបាន ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូទ័របូមទឹក១គ្រឿង និងប្រាក់២០០ដុល្លារផងដែរ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៥នាក់នេះ បានយកសម្ភារទាំងនោះ ទៅលក់ ហើយបានប្រាក់ទៅទិញគ្រឿងញៀន ពីឈ្មោះ សំ រតនា ភេទប្រុស អាយុ១៧ឆ្នាំ យកមកប្រើប្រាស់។ ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត បានចាត់ឲ្យកម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់ភូមិសាស្ត្រ របស់ជនសង្ស័យឈ្មោះ សំ រតនា នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីធ្វើការស្រាវជ្រាវ ហើយបានធ្វើការឃាត់ខ្លួនភ្លាមៗ និងនាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសាកសួរ ហើយបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន មានវិធានការជាបន្តទៀត។
ដោយឡែកជនសង្ស័យដែលលួចគាស់ផ្ទះចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៥ ៕