Wednesday, November 18, 2015

សាលាឧទ្ធរណ៍​​បន្ត​នីតិវិធី រឿង​ហិង្សា ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ ៖ មេធាវី បាន​ថ្លែងឲ្យដឹងថា សាលាឧទ្ធរណ៍​កំពុង​បន្ត​នីតិវិធី រឿងក្តី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ។ កាលពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ​២០១៥ កន្លង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ។
​លោក​មេធាវី ជូ​ង ជូ​ងី ថ្លែង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា រហូតមកទល់​ពេលនេះ សាលាឧទ្ធរណ៍​ពុំ​ទាន់​កំណត់​ថ្ងៃ​សវនាការ​សាជាថ្មី នៅឡើយ​ទេ ។ លោក​បាន​បញ្ជាក់ថា មុន​ពេល​សវនាការ​រឿង​អង្គសេចក្តី លោក​មេធាវី​កំពុង​រៀបចំ​ឯកសារ​ស្នើសុំ​ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​ជាមុនសិន​ជូន​សាលាឧទ្ធរណ៍ ដើម្បី​ពិនិត្យ និង​សម្រេច ។
​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ ដែល​ត្រូវ​ជា​ប់​ពន្ឋនាគារ​២០​ឆ្នាំ​មាន ឈ្មោះ​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង ឈ្មោះ អឿ ណា​រិត មន្ត្រី​ទទួលបន្ទុក​កិច្ចការ សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​ផ្ទាល់ របស់​អ្នក ស្រី​មូរសុខ​ហួរ ។​
​ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ៨​នាក់ ដែល​ត្រូវ​ជា​ប់​ពន្ឋនាគារ​ចំនួន​៧​ឆ្នាំ​មាន​ឈ្មោះ ស៊ុំ ពុទ្ឋី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ អំពៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ កែ ឃីម ហៅ​វីន ឌី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ,​ឈ្មោះ ទេព ណារិន សមាជិក​ចលនា​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ,​ឈ្មោះ អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ​នាង សុ​ឃុន ប្រធាន​សម្ព័ន្ធ​យុវជន​ជាតិខ្មែរ និង​ជា​ហិរញ្ញិ​កចលនា​យុវជ​ន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ច្បារអំពៅ ,​ឈ្មោះ សាន គឹម​ហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ,​ឈ្មោះ សាន សី​ហៈ លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ  និង​ឈ្មោះ អាន បឋម ហៅ សុខុម យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ។​
​ជនជាប់ចោទ​ទាំង ១១​នាក់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ចូលរួម​ក្នុង​ចលនា​កុបកម្ម តាម​មាត្រា​៤៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ និង បទ​ដឹកនាំ​កុបកម្ម តាម​មាត្រា​៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ៕