Saturday, November 21, 2015

តុលាការ​កោះហៅ​​លោក សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​៤ ​ធ្នូ ខាងមុខ​​​នេះ

ភ្នំពេញ ៖ លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ ផង​នោះ បាន​ចេញ​ដីកា​មួយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆកា​នេះ ដោយ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខ ។​
​    ​លោក សម រង្ស៊ី ត្រូវបាន​ចោទប្រកាន់​ពី​បទ​សមគំនិត ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ និង ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ តាម​មាត្រា​២៩ មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រុម​ព្រហ្មទណ្ឌ ។​
​    ​ក្នុង​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ចុះ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ បាន​សង្កត់ធ្ងន់ថា ក្នុង​ករណី​លោក សម រង្ស៊ី មិន​ចូល​ខ្លួន​តាម​ការកំណត់​ទេ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឬ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៅ​តាម​ច្បាប់ ។​
​សំណុំរឿង​នេះ​គឺ​មាន​ការទាក់ទង នឹង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​ដក​អភ័យឯកសិទ្ធិ​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ព្រមទាំង​បទ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រដល់​សន្តិសុខ​សង្គម ពេលនេះ​បាន​រាលដាល​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។​
​គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ទើបតែ​ត្រូវបាន​តុលាការ​ចេញ​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​ការបរិហារកេរ្តិ៍ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​។ លោក សម រង្ស៊ី បាន​ចោទប្រកាន់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា​ជា​មេ​គុក​បឹងត្របែក ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុន្តែ​រឿងក្តី​នេះ តុលាការ​បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់ក្តី និង ផ្ដន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​២​ឆ្នាំ ៕