Saturday, November 21, 2015

បញ្ជូន​អ្នកសរសេរ និង​បង្ហោះ facebook ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ទៅ​តុលាការ​

ស្វាយរៀង ៖ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា ជនសង្ស័យ​សរសេរ និង​បង្ហោះ facebook ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​ត្រូវបាន​ឃាត់ខ្លួន ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​​ឧត្តមសេនីយ៍ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ថា បន្ទាប់ពី​សមត្ថកិច្ច​ក្រុង​បាវិត បាន​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ជនសង្ស័យ ២ នាក់ ភេទ​ប្រុស ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ (​សំបុត្រ​បញ្ជាក់​កំណើត​) និង​បាន​បំពុល​បរិយាកាស​សង្គម ដោយ​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម facebook ដោយ​បាន​សរសេរ​បន្ថែ​ម​ថា ក្រុង​បាវិត ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ទៅវិញ គឺ​នគរបាល​បាន​សាកសួរ និង​បំពេញ​នីតិវិធី​ចប់សព្វគ្រប់ ហើយ​រួច​បញ្ជូន​ទៅ​តុលាការ ។​
​ជនសង្ស័យ​ទាំង​ពី​រូបនោះ​មាន ឈ្មោះ សុខ សំ​អ៊ាន អាយុ​៣៨​ឆ្នាំ (​ជា​អ្នក​បង្ហោះ facebook) និង​ឈ្មោះ នង សារិទ្ធ អាយុ​៤២ ឆ្នាំ បម្រើ​ការងារ​ជា​ក្រុមប្រឹក្សា​ក្រុង​បាវិត (​ជា​អ្នកសរសេរ​ក្លែង​ឯកសារ​)​។​
​ទោះជា​យ៉ាងណា​ក៏ដោយ រហូតមក​ទល់​ល្ងាច​ថ្ងៃ​សុក្រ​ទី​២០ ខែ​វិច្ឆិកា​នេះ គេ​មិន​ទាន់​ឃើញ​តុលាការ បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំង​ពី​រូបនោះ ពី​បទល្មើស​អ្វី​ជា​ផ្លូវការ​នៅឡើយ​ទេ ៕