កណ្តាល ៖ កម្មការិនីចំនួន ៣៥០នាក់ បម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ស្រុកខ្សាច់កណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍កម្មការិនីដួលសន្លប់នេះ បានកើតឡើង កាលពីវេលាម៉ោង៩:00នាទី រហូតដល់ម៉ោង ១០:០០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ទ្រីមថយ ,រោងចក្រខេមតេកាង ,រោងចក្រខេមបូនីសូល និងរោងចក្រជីនវីន ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ក្រុមកម្មការិនីដែលដួលសន្លប់ជាបន្តបន្ទាប់នោះ មានចំនួនសរុប ៣៥០នាក់ ក្នុងចំណោមកម្មការិនីសរុបជិត ៤ពាន់នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តរបស់ក្រុមហ៊ុនរោងចក្រ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រតិបត្តស្រុកខ្សាច់កណ្តាល ,មន្ទីរពេទ្យប្រតិបត្តិស្រុកមុខកំពូល និងខ្លះទៀតសង្គ្រោះ នៅគ្លីនិកឯកជនក្បែរនោះ ។
ប្រភពដដែលបានបន្តថា កម្មការិនីទាំងអស់ សុទ្ធសឹងតែមានអការៈអស់កម្លាំង ទន់ដៃ ទន់ជើង បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានព្យួរសេរ៉ូមជំនួយកម្លាំង ឲ្យម្នាក់ មួយប្លោក រហូតមកដល់វេលាថ្ងៃត្រង់ ថ្ងៃដដែលនេះ មានអការៈធូរស្រាលជាធម្មតាវិញ ហើយត្រូវបានខាងរោងចក្រ អនុញ្ញាតឲ្យឈប់សម្រាករយៈពេលមួយថ្ងៃពេញ ។ ដោយឡែកកម្មករ-កម្មការិនី ដែលមិនបានពុលដួលសន្លប់ ទន់ដៃ ទន់ជើង ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេលមួយថ្ងៃផងដែរ ។ ពាក់ព័ន្ធករណីកម្មការិនីដួលសន្លប់នេះដែរ សមត្ថកិច្ចនៅពុំទាន់រកមូលហេតុឃើញនោះទេ ៕