PARIS: កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ប្រភពជិតស្និទនឹងការស៊ើបអង្កេត បានប្រាប់ AFP ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញវីដេអូ ដែលបង្ហាញថា មានជនវាយប្រហារ៩នាក់ ក្នុងទីក្រុងប៉ារីស ក្នុងចំណោមក្រុមដែលបើកការបាញ់ប្រហារលើកន្លែងកំសាន្ត និងភោជនីយដ្ឋាន ។ វីដេអូបានបង្ហាញជនវាយប្រហារទី២ មិនស្គាល់អត្តសញ្ញាណម្នាក់ អាចកំពុងរត់គេចខ្លួន ជាមួយជនល្មើសឈ្មោះ Salah Abdeslam អាយុ២៦ឆ្នាំ ទោះបីជាបុរសដែលនៅក្នុងវីដេអូនេះ មិនមែនជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យសមគំនិតពីរនាក់ ដែលកំពុងជាប់ឃុំឃាំង ក្នុងប្រទេសបែលហ្សិកនោះក៏ដោយ ។
នគរបាលបារាំង និងបែលហ្សិក បានចាប់ផ្តើមតាមចាប់ខ្លួនជនល្មើសឈ្មោះ Abdeslam ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាល កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងទីក្រុងប៉ារីស ចំនួន១២៩នាក់ ដែលជាការវាយប្រហារដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសបារាំង ។ វីដេអូនេះបានបង្ហាញថា មានជនសង្ស័យទី៣ ក្នុងរថយន្តដែលប្រើប្រាស់ ក្នុងការវាយប្រហារនេះ នៅពេលដែលជនល្មើស៥នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងមុខរង្គសាល A La Bonne Biere ។ វីដេអូបានបង្ហាញទៀតថា ជនល្មើសនោះបានបាញ់ពីក្នុងរថយន្ត ដែលក្រោយមកត្រូវបានឃើញទុកចោលនៅ Montreuil ភាគខាងកើតទីក្រុងប៉ារីស ជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិប្រភេទ Kalashnikov ចំនួន៣ដើម ។
ជនល្មើសទី៣នេះ មិនត្រូវបានកំណត់អត្តសញ្ញាណឡើយ ដោយគ្មានការបញ្ជាក់ពីលទ្ធភាពអាចទៅរួចឡើយថា ជននេះអាចរត់គេចខ្លួនបាននោះ ៕