Friday, November 27, 2015

លក់​បឹង​ឲ្យ​វៀតណា​ម ដាក់​បទល្មើស​ចាប់​ត្រី​ នៅស្រុក​អង្គរបុរី

​តាកែវ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ធ្វើការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​តាម​តំបន់​បឹងបួរ អូរ ទន្លេ ស្ទឹង ចាប់​ពី​ព្រែក​ស៊ឹង​រហូត​ដល់​ស្លែង ឃុំរ​បា​ស្រែ ឃុំ​គោកធ្លក ស្ថិតនៅ​ស្រុក​អង្គរបុរី​ខេត្តតាកែវ បាន​អះអាង​ឲ្យដឹងថា ចាប់តាំងពី​រដូវ​ទឹក​ឡើង​បិទ​ការនេសាទ​រហូត​ពេល​ទឹក​ស្រក​បើក​ការនេសាទ​វិញ​នេះ​នៅ​តាម​បឹងបួរ អូរ ទន្លេ ព្រែក ស្ថិតនៅ​ស្រុក​អង្គរ​បុរី ត្រូវបាន​ពួកគាត់​ចោទប្រកាន់ថា មាន​មន្ដ្រី​ជលផល​ផ្នែក​ស្លែង របស់​ស្រុក​ឃុបឃិត​គ្នា​ជាមួយ​នាយខ​ណ្ឌ​ជលផល និង​អាជ្ញាធរ​ស្រុក​លក់​ខ្ទេចខ្ទី​អស់ហើយ គឺ​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដែល​មាន​បច្ចេកទេស​ក្នុងការ​ប្រព្រឹត្ត​នូវ​បទល្មើស​នេសាទ​ដោយ​ឧបករណ៍​ទំនើបៗ​បំផុត​ក្នុង​ការប្រមូល​ផល​ត្រី​ដោយ​គ្មាន​ប្រជា​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើ​ការនេសាទ​នៅ​តំបន់​ដែល​ពួក​ជនជាតិ​វៀតណាម​បាន​ទិញ​បឹង​នោះ​បាន​ឡើយ​។​
​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បា​ស្រែ ឃុំ​គោកធ្លក ឃុំ​ពាម​តូ​ល ឃុំ​ព្រែ​ផ្គាំ បាន​សង្ស័យ​ចោទ​ទៅលើ​លោក ឃឹម ប៊ុនថន ជា​នាយ​ផ្នែក​ជលផល (​ស្លែង​) ស្រុក​អង្គរបុរី គ្រប់គ្រង​ចំនួន​៥​ស្រុក ដែលជា​អ្នក​លក់​បឹង​នៅ​ចំណុច​ពី​មាត់​ព្រែក​ស៊ឹង រហូត​ដល់​ស្ទឹង​ព្រែក​សណ្ដែក ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ត្រ ក្នុងតម្លៃ​ជាង​៣០០០​ដុល្លារ ហើយ​ជនជាតិ​វៀតណាម​ឈ្មោះ ត្រ នេះ​បាន​ដាក់​ស្បៃ​មុង​រត់​ជារ​បាំង​ព្រួល​ញឹក​កំពឹស អង្កាម​ក៏​ចេញ​មិន​រួច​ដែរ គឺ​រាប់ពាន់​ម៉ែត្រ​ហើយ​ធ្វើ​ជា​ស៊ង​សម្រាប់​ចាប់​ត្រី​ដាក់​កាត់​ស្ទឹង ព្រែក​ជាច្រើន​កន្លែង​ធំៗ ដែល​គេ​ហៅថា «​យ៉​» ចាប់​ត្រី និង​ឧបករណ៍​ល្មើស​ច្បាប់​ជលផល​ជាច្រើន​ប្រភេទ​ទៀត​មានដូចជា ដាយ ឡូ​ក រ៉ាវ​។​ល​។​
​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បា​ស្រែ​វិញ កំពុង​ខឹងសម្បារ​នឹង​ជំនាញ​ជលផល អាជ្ញាធរ​ស្រុក និង​មេ​សហគមន៍​បាន​ស្រែ ឈ្មោះ ស៊ុំ ផន ផងដែរ ដោយ​ពួកគាត់​ចោទប្រកាន់ថា បាន​បង្កើត​សហគមន៍​មួយ​ក្ដាប់​តូច​ហើយ​និយម​បក្ខពួក មិន​មាន​ភាព​សុ​ក្រឹត្យ​ហើយ​សហគមន៍​នេះ​បាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ និង​បាន​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ខ្នាត​ធំ​មាន​ដូចជា យ៉ និង​ដាយ​ត្រី ប្រមូល​ផល​ត្រី​បាន​រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ហើយ​ទាំងអស់​គឺ​គេ​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ដឹកជញ្ជូន​ចូលទៅ​ប្រទេស​គេ​ទាំងអស់ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គ្មាន​នរណា​ម្នាក់​អាច​ទិញ​ត្រី​ទាំងអស់​នោះ​បាន​មក​ធ្វើ​ប្រហុក ឬ​ផ្អក​សម្រាប់​ទុក​ទទួលទាន​នោះឡើយ​។ ពួកគាត់​បាន​បន្ដថា សហគមន៍​ខ្មោច​សេះ​ទាំងនោះ​ឃោរឃៅ​ជាង​ថៅកែ​ឡូត៍​ចាស់ៗ​ទៅទៀត សូម្បី​តែ​ពលរដ្ឋ​ក្រីក្រ​យើង​យក​មង សន្ទូច ឬ​បង់សំណាញ់ ក៏​ត្រូវបាន​ពួក​គេ​ហាមឃាត់ និង​ដេញ​ចាប់​រត់​បាតជើង​ស​ព្រាត​ដែរ​។​
​ចំពោះ​ពលរដ្ឋ​នៅ​ឃុំ​គោកធ្លក ក៏​បាន​អះអាង​ដូចគ្នានេះដែរ ពួក​សហគម​ន៍​មួយ​ក្ដាប់​តូច​នោះ​កំពុង​តម្កើង​ឬ​ក​ធ្វើបាប​រាស្ដ្រ​ស្លូតត្រង់ បន្ទាប់ពី​ពួកគេ​បាន​អំណាច​ពី​ជំនាញ​ជលផល និង​អាជ្ញាធរ​ដែល​បាន​បង្កើត​សហគមន៍​នេះ​ឡើង​មក គឺ​ដើម្បី​ឲ្យ​ពួកគាត់​រឹតតែ​ជួប​ការលំបាក​ខ្លាំង​ឡើងៗ​។ ទន្ទឹម​នឹង​មាន​ករណី​ក្ដៅគគុក​នេះដែរ ប្រជាពលរដ្ឋ​បាន​សំណូមពរ​យ៉ាងទទូច​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក ខេត្ត ពិសេស​ខាង​នាយកដ្ឋាន​រដ្ឋបាល​ជលផល​មេត្តា​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ផង ថា តើ​ការបង្កើត​សហគមន៍​នេសាទ និង​បទល្មើស​នេសាទ​ដែល​កាង​ដោយ​មន្ដ្រី​ជលផល​ឲ្យ​វៀតណាម​ធ្វើ​នេសាទ​ដោយ​ល្មើសច្បាប់​ជលផល​នោះ តើ​ប៉ះពាល់​យ៉ាងណា ? ហើយ​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​កំពុង​រង​ទុក្ខលំបាក​នោះ ?៕