Tuesday, November 10, 2015

ឃាត់ខ្លួនចោរប្លន់ ​យ៉ាងសកម្ម ​ក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ចោមចៅ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា ប្លន់ កាច់​សោក​ម៉ូតូ និង​រក​ឃើញ​ម៉ូតូ​២​គ្រឿង រថយន្ត​១​គ្រឿង លាក់ទុក​នៅ​បន្ទប់​ផ្ទះជួល តាមផ្លូវ​បេតុង ក្នុង​ភូមិ​ត្រាំ​ង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់ និង​កាច់​សោក​ម៉ូតូ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ មុំ ផល្លា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ជន្ល​ង់ ឃុំ​ជី​មាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។​
​នគរបាល បានឲ្យដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា ប្លន់ និង​កាច់​សោក​ម៉ូតូ យ៉ាងសកម្ម ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ តាមដាន​អស់​រយៈពេល​៣​ខែ​កន្លង​មក​ហើយ ហើយ​ជនសង្ស័យ​ព្យាយាម​រត់​គេញ​ពី​សមត្ថកិច្ច រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​ប្រទះ​ឃើញ​ជនសង្ស័យ​នៅតាម​ផ្លូវវេង​ស្រេង រួច​តាម​ចាប់​ឃាត់ខ្លួន​នាំទៅ​ដល់​ផ្ទះ​ជួល រកឃើញ​សម្ភារ​សម្រាប់​កែច្នៃ​ម៉ូតូ ស្លាក​លេខ​ម៉ូតូ​ចំនួន​៦​បន្ទះ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ វត្ថុតាង​រកឃើញ​មានដូចជា ម៉ូតូ​ស៊េរី​២០១៥ ចំនួន​២​គ្រឿង ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ រថយន្ត​១​គ្រឿង ម៉ាក​CRV ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-6533 ដែល​លាក់​ទុក​ក្នុង​បន្ទ​ប​ជួល​។​
​ក្រោយពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​សម្ភារ​ពាក់ព័ន្ធ ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕